ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) លវ ២០,២៦
អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឱ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
—មានសុភមង្គលហើយ ប្រជាជនណាដែលព្រះអង្គបានជ្រើសរើសទុកជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់!។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ប្រាញ ១៥,១.៣
បពិត្រព្រះនៃយើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសប្បុរស និងស្មោះ ត្រង់ជានិច្ច! ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយគ្រប់គ្រងសត្វលោកទាំងអស់ដោយព្រះហឫទ័យមេត្តាករុណា។ ការស្គាល់ព្រះអង្គនាំឱ្យប្រព្រឹត្តតាមសេចក្តីសុចរិតដ៏ពេញលក្ខណៈ។ ការទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ ក៏នាំឱ្យមានជីវិតអស់កល្បជានិច្ចដែរ។
—ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) បារ ៤,២១-២២
កូនអើយចូរក្លាហានឡើង ! ចូរស្រែកដង្ហោយហៅព្រះជាម្ចាស់! ព្រះអង្គមុខជារំដោះកូន ឱ្យរួចពីដៃរបស់ខ្មាំងសត្រូវ ដែលសង្កត់សង្កិនកូនៗ។ ម្តាយសង្ឃឹមថា ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចនឹងសង្រ្គោះកូន។ ព្រះអង្គជាព្រះដ៏វិសុទ្ធបានប្រោសឱ្យម្តាយមានអំណរ គឺព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច និងជាព្រះសង្រ្គោះរបស់កូន ព្រះអង្គនឹងសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះកូន នៅពេលឆាប់ៗជាពុំខាន។
—សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យមេត្តាករុណាចំពោះ
ទូលបង្គំជានិច្ច។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គយាងចុះមកសណ្ឋិតលើអស់អ្នកដែលហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!