ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សម ១៥,២២
«តើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជា ខ្លាំងជាងការស្ដាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញបូជាទៅទៀត ការយកចិត្តទុកដាក់ស្ដាប់ ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ»។
—ហើយយើងនឹងសង្គ្រោះអស់អ្នកដែលដើរតាមមាគ៌ារបស់យើង។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គចាត់ពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួចផុតពីគ្រោះថ្នាក់របស់ខ្មាំងសត្រូវទាំងឡាយ ហើយយើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៥,២៦.៦,២
យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និងឈ្នានីសគ្នានោះឡើយ។ ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមវិន័យរបស់ព្រះគ្រីស្តទាំងស្រុង។
—ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មីក ៦,៨
ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នក។
—ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!