ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦ខ-១៧
ដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ដំណឹងល្អនេះសម្ដែងឱ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឱ្យមនុស្សសុចរិត ដោយសារជំនឿ និងឱ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។
—យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅវេលានេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាង ឱ្យសោយទិវង្គតលើឈើឆ្កាង សម្រាប់ការសង្គ្រោះពិភពលោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំទៅរកសេចក្តីសុខសាន្ត និងអំណរសប្បាយ ក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៣,២១-២២ក
ឥឡូវនេះ ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យសុចរិត គឺព្រះអង្គមិនគិតពីវិន័យទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការីបានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿលើព្រះយេស៊ូគ្រីស្ដឱ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។
—ព្រះបណ្ដាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អភ ២,៨-៩
ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្តោស ដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។
—ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិត ចេញពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!