ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១៩,២២
បពិត្រព្រះអម្ចាស់! ព្រះអង្គលើកតម្កើងប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យមានសិរីរុងរឿងក្នុងគ្រប់ប្រការ! ព្រះអង្គបានជួយទំនុកបម្រុងប្រជារាស្រ្តរបស់ព្រះអង្គ គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងផង។
—ព្រះអង្គបានសម្ដែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគេជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៤,៧
តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ?
—ព្រះអង្គព្រះសណ្ដាប់ឮសម្រែកទូលអង្វររបស់គេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អធ.ក្រ ១០,៦
ប្រជាជាតិរបស់ខ្ញុំ គឺប្រជាជនអ៊ីស្រាអែលដែលស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអង្គក៏សង្គ្រោះពួកគេ។ ព្រះជាម្ចាស់បានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់បានរំដោះយើងខ្ញុំឱ្យរួចពីគ្រោះកាចទាំងនោះ! ព្រះជាម្ចាស់បានសម្តែងទីសម្គាល់ និងបាដិហារិយ៍យ៉ាងអស្ចារ្យ មិនដែលកើតមានដូច្នេះ ក្នុងចំណោមជាតិសាសន៍ដទៃឡើយ។
—ព្រះអង្គបានសង្គ្រោះទូលបង្គំ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្តអំណត់ អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹងការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!