ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១៣,៤-៧

អ្នក​មាន​ចិត្ត​ស្រឡាញ់ តែង‌តែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដីពិត​វិញ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឱ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់។

បន្ទរ៖ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងរាំយ៉ាងសប្បាយរីករាយ។
—ពួកគេនឹងសរសើរ​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ អស់កល្ប​ជា​អង្វែងតរៀង​ទៅ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ករ ១៣,៨-៩.១៣

សេចក្ដី​ស្រឡាញ់​មិន​សាប‌សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែងព្រះ‌បន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹម‌សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យនឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម‌សារ​ទៅ​ដែរ។ សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះ‌បន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។ ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់​វិសេស​ជាង​គេ​បំផុត។

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណា និងសេចក្តីស្រឡាញ់មកយើងខ្ញុំផង។
—ដ្បិតយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃ​លែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១៤-១៥

ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅ​ក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមករួមគ្នា ក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវ​អរព្រះគុណព្រះអង្គជានិច្ច។

បន្ទរ៖ អ្នក​ណា​មាន​ចិត្ត​ស្លូតបូត នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក!។
—ពួកគេនឹងរីករាយក្នុងសេចក្តីសុខសាន្តយ៉ាងពេញបរិបូណ៌។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


Theme: Overlay by Kaira