ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ២២,៣
ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
—ព្រះជាម្ចាស់នឹងប្រទានផលឱ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ១៥,៧-៨
ក្នុងបណ្តាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានឱ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។ ផ្ទុយទៅវិញ ត្រូវជួយគាត់ដោយឱ្យខ្ចីប្រាក់ តាមចំនួនដែលគាត់ត្រូវការ។
—ព្រះអង្គលើកទឹកចិត្តគេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) សុភ ២២,២២-២៣
កុំរឹបអូសយកទ្រព្យសម្បត្តិពីជនទុច្ចរិត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឱ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នក ដែលដកហូតយកទ្រព្យសម្បត្តិរបស់ពួកគេ។
—ព្រះអង្គសង្គ្រោះជីវិតមនុស្សក្រីក្រ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!