ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ១៣,១១
បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឱ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។
—ព្រះអង្គសណ្តាប់ឮសម្រែករបស់ពួកគេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៦,២២
ប៉ុន្ដែ ឥឡូវនេះ បងប្អូនបានរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច។
—ដើម្បីឱ្យប្រជារាស្ដ្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ១,២១-២២
ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឱ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្ត្រព្រះអង្គ។
—ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្ដែងភាពវិសុទ្ធរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នក ដែលហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។