ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ១៧,៧-៨
រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គធ្វើជាបង្អែក ពិតជាទទួលព្រះពរមិនខាន! អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។
—អ្នកណាទុកចិត្តលើព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះមានសុភមង្គលហើយ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សុភ ៣,១៣-១៥
អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឱ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមាន តម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
—សូមប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យ៉ូប ៥,១៧-១៨
ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។ ព្រះជាម្ចាស់ធ្វើឱ្យឈឺចាប់ តែព្រះអង្គនឹងព្យាបាលឡើងវិញ ព្រះអង្គធ្វើឱ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
—សូមបង្រៀនទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សជាតិទាំងអស់ចូលទៅក្នុងព្រះវត្តមានព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
