ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កាឡ ៥,១៣-១៤

បង‌ប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើជា​លេស ដើម្បី​រស់​តាម​របៀប​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់ ដ្បិត​វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឱ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

បន្ទរ៖ ទូល‌បង្គំសប្បាយ​ចិត្ត​នឹង​ដើរតាម​មាគ៌ា​របស់​ព្រះ‌អង្គ។
—ដ្បិត​ព្រះ‌អង្គ​ធ្វើឱ្យ​ចិត្ត​ទូល‌បង្គំបាន​ភ្លឺស្វាង។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! នៅពេលព្រឹក ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូតនៅពេលពួកគេជួបជុំគ្នាអធិដ្ឋាន។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៥,១៦-១៧

ចូររស់នៅឱ្យស្របតាមវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតបំណងចិត្តលោភលន់របស់លោកីយ៍តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។

បន្ទរ៖ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។
—សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កាឡ ៥,២២.២៣ក.២៥

រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដីសុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ។

បន្ទរ៖ សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំស្គាល់​ផ្លូវដែល​ទូល‌បង្គំត្រូវ​ដើរ។
—សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ​ដឹក​នាំទូល‌បង្គំ ឱ្យ​ដើរក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមជួយយើងខ្ញុំឱ្យដើរតាមគំរូនៃភាពអត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំចេះប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត ដោយ​មាន​ជំនឿ និងសេចក្តីក្លាហានផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira