ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៥៥,៦-៧
ចូរស្វែងរកព្រះអម្ចាស់ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នករាល់គ្នា។ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយអត់ទោសឲ្យគេ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៣០,២-៣ក
នៅពេលណាអ្នកវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្តារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ហប ១០,៣៥-៣៦
ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផលតាមព្រះបន្ទូលសន្យា។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។