តួនាទីអ្នកណែនាំអប់រំជំនឿ

I. អ្នកណែនាំអប់រំជំនឿត្រូវ៖

  • ១-ស្គាល់ ស្រឡាញ់ និងជិតស្និទ្ធជាមួយព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណជាមុនសិន។
  • ២-ចែករំលែកជំនឿ សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹមរបស់ខ្លួន ទៅបេក្ខជន។
  • ៣-នាំឱ្យបេក្ខជនស្គាល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូ ដោយ ទទួលស្គាល់ថា ព្រះវិញ្ញាណគង់នៅជាមួយគេជាមុនរួចទៅហើយ។
  • ៤-មានចិត្តស្រឡាញ់បេក្ខជនដូចព្រះបិតាស្រឡាញ់គេដែរ។
  • ៥-ស្និទ្ធស្នាលជាមួយបេក្ខជន ទៅសួរសុខទុក្ខ ស្គាល់ក្រុមគ្រួសារ ស្គាល់ការរស់នៅរបស់គេ និងជួយគេតាមកាលៈទេសៈ និងតាម សមត្ថភាព។
  • ៦-អញ្ជើញគ្រីស្តបរិស័ទ ឬបងធម៌ខ្លះមកចែកបទពិសោធន៍អំពីជំនឿ នៅក្នុងពេលគេទទួលការអប់រំ។
  • ៧-អញ្ជើញបេក្ខជន និងក្រុមគ្រួសាររបស់គេមកជួបនឹងក្រុមគ្រីស្ត បរិស័ទតាមរយៈពិធីផេ្សងៗ។ ឧ.បុណ្យព្រះយេស៊ូប្រសូត បុណ្យ ចម្លង ឬសកម្មភាពកីឡា, ការប្រគុំតន្ត្រី ទិវាបរិស្ថាន...
  • ៨-អញ្ជើញបេក្ខជនឱ្យចូលរួមក្នុងពិធីលើកតម្កើងព្រះបន្ទូលក្នុង ភាគទីមួយនៃអភិបូជា។
  • ៩-អញ្ជើញបេក្ខជនពីគ្រប់កម្រិត មករិះគិតរួមគ្នាអំពីប្រធានបទមួយ នៅមុនពេលបុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យចម្លង ឬ បុណ្យភ្ជុំ រួចហើយធ្វើពិធីលើកតម្កើងព្រះបន្ទូលរួមជាមួយគ្នា។
  • ១០-បងើ្កតទំនាក់ទំនងសហការល្អជាមួយបងធម៌។               ១១-សូមយកចិត្តទុកដាក់ស្តាប់អំពីបទពិសោធន៍នៃជំនឿ និង សំណួររបស់បេក្ខជន។

II-អំពីសៀវភៅ៖

  • ១-យកព្រះបន្ទូលទុកជាគោលក្នុងការអប់រំ។
  • ២-ស្គាល់សៀវភៅអប់រំជំនឿទាំងអស់ដែលយើងមាន (សូមមើល បញ្ជីសៀវភៅ)
  • ៣-ចេះប្រើសៀវភៅអប់រំជំនឿទាំងនោះឱ្យត្រូវតាមវ័យ តាមដំណាក់ កាល និងតាមពេលវេលា។ (សូមមើលដំណាក់កាលនៃការអប់រំជំនឿ)
  • ៤-ចូលរួមគ្រប់សិក្ខាសាលា ដែលជួយពង្រឹងជំនឿ និងសមត្ថភាព ក្នុងការអប់រំ។

III-អំពីពិធី៖

  • ១-ធ្វើពិធីផ្សេងៗជូនបេក្ខជននៅក្នុងរយៈពេលនៃការអប់រំជំនឿ (សូមមើលដំណាក់កាលនៃការអប់រំជំនឿ)។ ពិធីជួយឱ្យបេក្ខជន មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយផ្ទាល់ និងធ្វើឱ្យព្រះបន្ទូលជ្រួតជ្រាបយ៉ាងជ្រៅទៅក្នុងចិត្តរបស់គេ។
  • ២-លើកទឹកចិត្តឱ្យក្រុមគ្រួសារ មិត្តភ័ក្តរបស់បេក្ខជនចូលរួមក្នុង ពិធីនីមួយៗផង។

IV-អំពីរបៀបរស់នៅថ្មី៖    អ្នកណែនាំត្រូវ៖

  • ១-ណែនាំបេក្ខជនឱ្យរស់នៅដោយបង្ហាញធម៌មេត្តាករុណារបស់ ព្រះជាម្ចាស់ដល់អ្នកដទៃ។
  • ២-នាំបេក្ខជនធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗរួមជាមួយគ្នា។
  • (សូមមើលដំណាក់កាលនៃការអប់រំ)

V-អំពីជីវិតភ្ជាប់នឹងព្រះសហគមន៍៖

  • ណែនាំបេក្ខជនឱ្យភ្ជាប់ជីវិតនឹងព្រះសហគមន៍ ដោយអធិដ្ឋាន និងបង្ហាញធម៌មេត្តាករុណា និងចូលរួមសកម្មភាពដូចជាក្រុមយុវជន ក្រុមកាយឫទិ្ធជាដើម...។

VI-អំពីគរុកោសល្យ៖

  • ១-អធិដ្ឋានអង្វរព្រះជាម្ចាស់បំភ្លឺចិត្តគំនិតរបស់ខ្លួន និងរបស់ បេក្ខជន។
  • ២-អានសេចកី្តពន្យល់ណែនាំសម្រាប់អ្នកអប់រំតាមប្រជុំនីមួយៗ ជាមុន។
  • ៣-រៀបចំទុកជាមុននូវមេរៀន សម្ភារៈផ្សេងៗ ដែលត្រូវប្រើ និងអធិដ្ឋានផង មុនពេលទៅប្រជុំ។
  • ៤-មានគោលដៅតែមួយក្នុងពេលប្រជុំនីមួយៗ។
  • ៥-ប្រើសម្លេងទន់ភ្លន់ រួសរាយ និងហ្មត់ចត់។ កុំនិយាយយូរពេក នាំឱ្យបេក្ខជនធុញ។
  • ៦-ពន្យល់អត្ថន័យពាក្យបច្ចេកទេសខាងសាសនាខ្លះៗឱ្យច្បាស់ ដូចជា "ព្រះគ្រីស្ត" "ព្រះរាជ្យ" "ដំណំងល្អ" "រស់ឡើងវិញ"....
  • ៧-រៀបរាប់អត្ថបទ រួចហើយពន្យល់អត្ថន័យ និងរកដំណឹងល្អ មួយឱ្យគេសប្បាយចិត្ត។
  • ៨-ឱ្យបេក្ខជនសូត្រឱ្យចាំឃ្លាខ្លីមួយដែលស្រង់ពីអត្ថបទគម្ពីរ។
  • ៩-ឱ្យបេក្ខជនអានអត្ថបទឡើងវិញ ឬត្រាប់តាមរឿង ឬ គូរគំនូរ ឬ តែងទំនុកច្រៀង ឬ តែងកំណាព្យ ឬ តែងពាក្យអធិដ្ឋានមួយឱ្យស្របតាមប្រធានបទ។
  • ១០-អធិដ្ឋានបញ្ចប់កម្មវិធីដោយសរុបសេចក្តី ដែលអង្គប្រជុំទើប តែបានរិះគិតរួចហើយ។
តួនាទីព្រះសហគមន៍

I-អំពីព្រះសហគមន៍ជាសាក្សីរបស់ព្រះគ្រីស្ត

ព្រះសហគមន៍នីមួយៗត្រូវប្រកាសជំនឿ ដោយបង្ហាញធម៌មេត្តាករុណា របស់ព្រះជាម្ចាស់ ដែលចាប់ផ្តើមពី៖

  • ១-បង្កើតក្រុមតូចៗដើម្បីចេញទៅប្រកាសជំនឿរបស់ខ្លួនដល់ បងប្អូនក្នុងសហគមន៍។
  • ២-ក្រុមទាំងអស់ត្រូវទទួលការអប់រំពីសំណាក់លោកបូជាចារ្យ និងធ្វើពិធីមួយរួមគ្នា មុនពេលបំពេញបេសកកម្មនេះ។
  • ៣-ប្រកាសជំនឿគឺប្រកាសអំពីព្រះគ្រីស្តនាំយើងទៅកាន់ព្រះបិតា។
  • ៤-ជីវិតមនុស្សមានតម្លៃ ដូច្នេះត្រូវគោរពជីវិតមនុស្ស ទោះបី ជាអ្នកកាន់ ឬ មិនកាន់សាសនាណាក៏ដោយ ទោះបីជាអ្នក មានបាប មានកម្មអាក្រក់ មានជំងឺ ជាអ្នកក្រីក្រ ជាមនុស្ស មិនល្អ គ្មានសញ្ញាប័ត្រ គ្មានគេរាប់អាន ព្រោះព្រះបិតាក៏ ស្រឡាញ់គេដែរ។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់ មិន ប្រកាន់នរណាឡើយ។
  • ៥-ត្រូវយកចិត្តទុកដាក់នឹងអ្នកទន់ខ្សោយ ជាពិសេសចាស់ ជរាគ្មានទីពឹង និងក្មេងៗកំព្រា និងអ្នកដែលត្រូវការឲ្យយើងជួយ។
  • ៦-ត្រូវយកចិត្តទុកដាក់នឹងអ្នកជិតខាងរបស់យើង ពេលគេ មានទុក្ខលំបាក។
  • ៧-ជួយដាស់តឿនបងប្អូនក្នុងសហគមន៍ឲ្យគិតដល់ក្រុមគ្រួសារ យល់ដឹងពីសុខភាព និងបញ្ជូនកូនទៅសាលារៀន។
  • ៨-ជួយដាស់តឿនបងប្អូនឲ្យយកចិត្តទុកដាក់គោរពច្បាប់រដ្ឋ ដោយយកចិត្តទុកដាក់ធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ លិខិតស្នាក់នៅ បញ្ជីកម្មសិទ្ធផ្សេងៗ...
  • ៩-ត្រូវបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដោយចូលរួម សកម្មភាពសង្គមដូចជា៖ កសាងផ្លូវ ស្ពាន សាលា រៀន។ ចូលរួមទិវាបរិស្ថាន ទិវាកីឡា និងពិធីប្រជាប្រិយផ្សេងៗក្នុងភូមិ។
  • ១០-រួមសុខរួមទុក្ខជាមួយសមាជិកក្នុងសហគមន៍ ជាពិសេស យកចិត្តទុកដាក់អំពីយុត្តិធម៌សង្គម។
  • ១១-កំណត់ពេលណាមួយ អញ្ជើញអស់បងប្អូនដែលព្រះវិញ្ញាណ បានត្រាស់ហៅមកជួបជុំដើម្បីស្គាល់គ្នា និងចាប់ផ្តើមការអប់រំ ជំនឿ។
  • ១២-ព្រះសហគមន៍ទាំងមូលនៅតែបន្តទាក់ទងជាមួយបងប្អូន ទាំងនោះរហូត។

II-អំពីព្រះសហគមន៍ស្វាគមន៍អ្នកស្វែងរកព្រះគ្រីស្ត

ព្រះសហគមន៍ទទួលបងប្អូនដែលមានបំណងចង់ស្គាល់ព្រះគ្រីស្តដោយ៖

  • ១-ស្វាគមន៍បេក្ខជនយ៉ាងកក់ក្តៅ ទុកជាបងប្អូន មិត្តភក្តិ ឲ្យ គេមានអារម្មណ៍ថា កំពុងស្ថិតនៅក្នុងមហាគ្រួសារថ្មីមួយ។
  • ២-ចាត់ចែង និងចូលរួមយ៉ាងសកម្មក្នុងពិធីទទួលស្វាគមន៍គេលើកដំបូង និងលើកក្រោយៗទៀត។
  • ៣-អប់រំ និងចែកបទពិសោធន៍អំពីជីវិតជាគ្រីស្តបរិស័ទដល់គេ។
  • ៤-ជួយគេឲ្យស្គាល់ព្រះយេស៊ូ ស្គាល់ព្រះបិតា និងព្រះវិញ្ញាណ តាមការរស់នៅរបស់យើង រហូតគេហ៊ានផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ (សូមមើលដំណាក់កាលប្រកាសដំណឹងល្អដើមដំបូង)
  • ៥-ឲ្យគេយល់ថា គេចូលក្នុងក្រុមគ្រួសារមួយ។
  • ៦-គ្រីស្តបរិស័ទដែលប្រកាសដំណឹងល្អ ត្រូវបំពេញមុខងារ ជា "អ្នកធានា" ដល់បេក្ខជនដែលសុំចូលព្រះសហគមន៍។
  • ៧-"អ្នកធានា" អាចបន្តមុខងារជា "បងធម៌" នៅពេលលោក អភិបាលត្រាស់ហៅយ៉ាងឱឡារិក។
  • ៨-ព្រះសហគមន៍ទាំងមូល ត្រូវចាត់ចែងការអប់រំជំនឿដល់បេក្ខជនតាមលំដាប់លំដោយនៃដំណាក់កាលរហូតដល់គេបានទទួលអគ្គសញ្ញាទៅជាគ្រីស្តបរិស័ទពេញទី។ 
  • (សូមមើលដំណាក់កាលនៃការអប់រំ)
  • ៩-ព្រះសហគមន៍ទាំងមូល ត្រូវចាត់ចែងចូលរួមយ៉ាងសកម្មធ្វើ "ពិធី" ជូនបេក្ខជនតាមដំណាក់កាលនីមួយៗឲ្យបានសមរម្យ។ (សូមមើលពិធីផ្សេងៗតាមដំណាក់កាលផ្សេងៗនៃការអប់រំ ជំនឿ)
  • ១០-ព្រះសហគមន៍ទាំងមូល ត្រូវចាត់ចែងហ្វឹកហ្វឺនបេក្ខជនឲ្យ រស់នៅក្នុងជីវិតថ្មីជាគ្រីស្តបរិស័ទ ដោយរួមគ្នាធ្វើសកម្មភាព ផ្សេងៗកុំបីខាន។ (សូមមើលសកម្មភាពផ្សេងៗតាមដំណាក់ កាលនៃការអប់រំជំនឿ)
  • ១១-ព្រះសហគមន៍ត្រូវតែអធិដ្ឋានសម្រាប់អស់អ្នកកំពុងតែស្វែង យល់។
តួនាទីបងធម៌

I-បងប្អូនបំពេញមុខងារជាបងធម៌បន្ទាប់ពី៖

  • ១-បេក្ខជនផ្ទាល់ ឬ គណៈកម្មការព្រះសហគមន៍ ឬ ឪពុក ម្តាយរបស់បេក្ខជន បានសូមឱ្យបងប្អូនបំពេញមុខងារជា បងធម៌ ដោយសារបងប្អូនមានរបៀបរស់នៅយ៉ាងសមរម្យ តាមជំនឿ និងមានចិត្តស្រឡាញ់បេក្ខជនផង។
  • ២-បងប្អូនចាប់បំពេញមុខងារនេះ មុនពេលលោកអភិបាល ត្រាស់ហៅបេក្ខជន និងរហូតតទៅអស់មួយជីវិត។
  • ៣-ត្រូវសហការយ៉ាងជិតស្និតជាមួយអ្នកអប់រំជំនឿ។

II-បងប្អូនបំពេញមុខងារដូចតទៅ៖

  • ១-ជួយឱ្យប្អូនធម៌រស់នៅតាមរបៀបថ្មីជាគ្រីស្តបរិស័ទ។
  • ២-ជួយឱ្យប្អូនធម៌ចេះអធិដ្ឋានកាន់តែប្រសើរឡើង។
  • ៣-ជួយឱ្យប្អូនធម៌ចេះប្រកាសជំនឿ និងរស់នៅដោយផ្ញើជីវិត ទាំងស្រុងលើព្រះគ្រីស្ត។
  • ៤-ជួយឱ្យប្អូនធម៌ចេះស្រឡាញ់អ្នកដទៃដូចជាបងប្អូន និង លះបង់ប្រយោជន៍របស់ខ្លួនសម្រាប់អ្នកដទៃ។
  • ៥-ទៅសួរសុខទុក្ខប្អូនធម៌ដល់ក្រុមគ្រួសារ និងស្គាល់អំពីការ រស់នៅរបស់ប្អូនធម៌ផង។
  • ៦-អញ្ជើញប្អូនធម៌ឱ្យស្គាល់ក្រុមគ្រួសាររបស់ខ្លួន និងគ្រួសារ របស់គ្រីស្តបរិស័ទផ្សេងៗទៀតដែរ។
  • ៧-អញ្ជើញប្អូនធម៌ឱ្យជួបជុំជាមួយគ្រីស្តបរិស័ទក្នុងពិធីផ្សេងៗ ដូចជា បុណ្យព្រះយេស៊ូប្រសូត បុណ្យចម្លង ឬ បុណ្យភ្ជុំ ឬ ក្នុងពេលព្រះសហគមន៍ធ្វើសកម្មភាពផ្សេងៗទៀតក្នុងសង្គម។
  • ៨-ត្រូវចូលរួមផ្តល់ការអប់រំជំនឿជារឿយៗដល់ប្អូនធម៌។
  • ៩-ចូលរួមអភិបូជា និងអធិដ្ឋានជាមួយប្អូនធម៌ជាប្រចាំ។
  • ១០-ត្រូវចូលជាមួយប្អូនធម៌គ្រប់សកម្មភាពក្នុងរដូវអប់រំពិសេស។
  • ១១-សហការជាមួយអ្នកអប់រំជំនឿ។
  • ១២-ចូលរួមប្រជុំក្រុមបងធម៌តាមកាលកំណត់។

III-បងប្អូនចូលរួមក្នុងពិធីផ្សេងៗដូចជា៖

  • ១-ចូលរួមក្នុងពិធីត្រាស់ហៅយ៉ាងឱឡារិកគឺ៖
    • -រួមដំណើរជាមួយប្អូនធម៌ក្នុងពិធី។
    • -ផ្តល់សក្ខីភាពអំពីជំនឿរបស់ប្អូនធម៌ជូនអង្គប្រជុំ។
    • -ជួយចុះឈ្មោះប្អូនធម៌របស់ខ្លួន។
  • ២-ចូលរួមក្នុងពិធីទទួលអគ្គសញ្ញាទាំងបី ក្នុងឱកាសបុណ្យ ចម្លង។
  • ៣-ស្និទ្ធស្នាលនឹងប្អូនធម៌ ហើយប្រាប់គេអំពីរបៀបរស់នៅ តាមដំណឹងល្អក្នុងជីវិតឯកជន និងសង្គម។
  • ៤-ជួយប្អូនធម៌ពេលគេសង្ស័យអំពីជំនឿ និងពេលគេមាន ទុក្ខព្រួយ ជាពិសេសក្រោយទទួលអគ្គសញ្ញា...។
  • ៥-បងធម៌ត្រូវតែចូលរួមអប់រំជំនឿខ្លះៗដល់ប្អូនធម៌។
  • ៦-ត្រូវចូលរួមអធិដ្ឋាន និងអភិបូជាជាមួយប្អូនធម៌ជាប្រចាំ
  • ៧-ត្រូវចូលរួមពិធីផ្សេងៗតាំងពីជំហានទី១ រហូតដល់ ជ្រមុជទឹក។

IV-លក្ខណៈសម្បត្តិរបស់បងធម៌គឺ៖

  • ១-ជាអ្នកដែលមានសមត្ថភាព និងមានបំណងបំពេញ មុខងារនេះ។
  • ២-ត្រូវមានអាយុពី ១៨ឆ្នាំឡើង។
  • ៣-បានទទួលអគ្គសញ្ញាជ្រមុជទឹក អរព្រះគុណ និងលាប ថ្ងាសរួចហើយ។
  • ៤-មិនមែនជាឪពុក ឬ ម្តាយបង្កើត ឬ ជាប្តី ឬ ប្រពន្ធរបស់ បេក្ខជន។
  • ៥-ជាបុរស ឬ ជាស្រ្តីតែម្នាក់ ឬ មានទាំងពីរនាក់ក៏បាន។
  • ៦-បងធម៌ត្រូវមានចំនួនប្អូនធម៌សមរម្យ ដើម្បីមានពេលល្មម ក្នុងការទាក់ទងជាមួយប្អូនធម៌របស់ខ្លួនក្នុងគ្រប់សកម្មភាព។
តួនាទីលោកបូជាចារ្យ

I-អំពីតួនាទី

លោកបូជាចារ្យបំពេញមុខងារក្នុងព្រះសហគមន៍ ក្នុងនាមលោក អភិបាលដូចតទៅ៖

  • ១-ប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឲ្យមនុស្សលោកស្តាប់ឮ និង អប់រំជំនឿគេផង។ បន្ទុកនេះសំខាន់ណាស់។
  • ២-នាំមនុស្សឲ្យបានវិសុទ្ធ ដោយចាត់ចែងលើកស្ទួយ ថែរក្សាពិធីបុណ្យដ៏វិសុទ្ធទាំងមូលឲ្យមានជីវិតរស់រវើកក្នុងព្រះសហគមន៍ ដែលនាំការសង្គ្រោះដល់មនុស្សលោក។
  • ៣-បម្រើព្រះសហគមន៍ក្នុងឋានៈជាគង្វាល គឺប្រមែប្រមូលគ្រីស្ត បរិស័ទ និងនាំឲ្យព្រះសហគមន៍មានជីវិតរស់រវើក និងនាំមនុស្ស ជាច្រើនមកថ្វាយព្រះគ្រីស្ត។
  • ៤-ជួយព្រះសហគមន៍ឲ្យធ្វើជាសាក្សីនៃធម៌មេត្តាករុណា និង សេចក្តីពិតដែលមកពីព្រះជាម្ចាស់។

II-អំពីទំនាក់ទំនងជាមួយក្រុមប្រកាសដំណឹងល្អ

  • ១-ត្រូវអប់រំគ្រីស្តបរិស័ទខ្លះឲ្យបំពេញមុខងារប្រកាសដំណឹងល្អ អំពីព្រះជាម្ចាស់សង្គ្រោះមនុស្សលោក។ 
  • ២-ប្រកាសដំណឹងល្អ គឺប្រកាសពីជីវិតមនុស្សមានតម្លៃ ទោះបីជាអ្នកបាបក៏ព្រះបិតាស្រឡាញ់គេដែរ។
  • ៣-ក្រោយពេលអប់រំរួចហើយ ត្រូវធ្វើពិធីចាត់គេឲ្យទៅតាមក្រុម ដើម្បីបំពេញមុខងារនេះក្នុងសង្គម។
  • ៤-ជួយគាំទ្រទាំងស្មារតី និងមធ្យោបាយក្នុងពេលគេបំពេញមុខងារ នេះ ដោយជួបប្រជុំចែកបទពិសោធន៍ និងអធិដ្ឋានរួមគ្នាតាមពេល កំណត់ផង។
  • ៥-កំណត់ពេលពិសេសមួយអញ្ជើញអ្នកដែលព្រះជាម្ចាស់ត្រាស់ ហៅមកជួបជុំគ្នាឲ្យស្គាល់ព្រះសហគមន៍ជាលើកដំបូង។
  • ៦-សូមបង្កើតក្រុមបងធម៌ជាផ្លូវការ ទាំងអប់រំគេផង និងមានប្រជុំរួមក្នុងមួយឆ្នាំម្តង។

III-អំពីទំនាក់ទំនងជាមួយក្រុមអ្នកអប់រំជំនឿ

  • ១-ត្រូវចាត់ចែងឲ្យមានក្រុមអ្នកណែនាំអប់រំជំនឿមួយ ដែលបាន ទទួលការអប់រំយ៉ាងច្បាស់លាស់។
  • ២-ត្រូវចាត់ចែងអប់រំគេយ៉ាងទៀងទាត់ ទោះនៅតាមសហគមន៍ ផ្ទាល់ ឬរួមគ្នាតាមមណ្ឌលសកម្មភាព ឬភូមិភាគ។
  • ៣-ត្រូវឲ្យគេស្គាល់គ្រឹះសំខាន់ៗខ្លះដូចជា៖
    • -រយៈពេល និងដំណាក់កាលនៃការអប់រំ 
    • -សៀវភៅផ្សេងៗ និងរបៀបប្រើ
    • -ចេះរៀបចំពិធីផ្សេងៗនៅក្នុងដំណាក់កាលនៃការអប់រំ...
  • ៤-ត្រូវជួបជុំតាមកាលកំណត់ជាមួយអ្នកណែនាំទាំងអស់ ចែក បទពិសោធន៍គ្នា និងកំណត់ពេលធ្វើពិធីផ្សេងៗតាមដំណាក់កាល នៃការអប់រំ។

IV-អំពីទំនាក់ទំនងជាមួយបេក្ខជន

  • ១-បូជាចារ្យប្រៀបបីដូចជាឪពុក ដែលត្រូវជិតស្និទ្ធនឹងកូនរបស់ខ្លួន គឺបេក្ខជន។
  • ២-ត្រូវណែនាំឲ្យបេក្ខជនស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសង្គ្រោះមនុស្សលោក ព្រមទាំងណែនាំគេឲ្យសុំចូលក្នុង គម្រោងការនេះផង។
  • ៣-ត្រូវរកពេលជួបជាមួយបេក្ខជនគ្រប់កម្រិតទាំងអស់ ដោយ ទៀងទាត់ មួយឬពីរខែម្តង ជាពិសេសមុនបុណ្យសំខាន់ៗក្នុង ព្រះសហគមន៍ សូមយកប្រធានបទមួយមករិះគិត និងធ្វើពិធី លើកតម្កើងព្រះបន្ទូលរួមជាមួយគ្នា។
  • ៤-ត្រូវណែនាំឲ្យបេក្ខជនរស់នៅតាមរបៀបព្រះសហគមន៍ គឺ អធិដ្ឋាន ចូលរួមអភិបូជា ចូលរួមសកម្មភាពក្នុងក្រុមសង្គហៈ ពិធីបុណ្យ អប់រំជំនឿ ក្រុមយុវជន កាយឫទិ្ធ...។
  • ៥-ត្រូវចាត់ចែងធ្វើពិធីផ្សេងៗតាមដំណាក់កាលនីមួយៗនៃការ អប់រំ។ ពិធីនីមួយៗត្រូវរិះគិតរួមគ្នាជាមុនអំពីអត្ថន័យ។ ពេល ធ្វើពិធីទាំងនោះ ត្រូវអញ្ជើញអ្នកណែនាំ បងធម៌ គណៈកម្មការ និងមិត្តសម្លាញ់របស់បេក្ខជនឲ្យចូលរួមផង។
  • (សូមមើលក្នុងដំណាក់កាលនៃការអប់រំ)
  • ៦-ត្រូវបង្ហាត់បេក្ខជនឲ្យទៅជាអ្នកសកម្មក្នុងការបង្ហាញធម៌មេត្តា ករុណារបស់ព្រះបិតាដល់មនុស្សឯទៀតៗ ដោយឲ្យគេចូលរួមក្នុងក្រុមសង្គហៈរបស់ព្រះសហគមន៍ ឬ សកម្មភាពមនុស្សធម៌ ផ្សេងៗក្នុងសង្គម។
  • ៧-ត្រូវយកចិត្តទុកដាក់ចំពោះពន្លកថ្មី
    (សូមមើលក្នុងដំណាក់កាលនៃការអប់រំ)

Theme: Overlay by Kaira