ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១យហ ៣,២៣-២៤

រីឯ​វិន័យរបស់​ព្រះ‌អង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះនាម​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។ អ្នក​ណា​កាន់​តាម​វិន័យរបស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

បន្ទរ៖ ព្រះអម្ចាស់ដឹកនាំមនុស្សទៀងត្រង់។
—ព្រះអង្គ​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! នៅពេលព្រឹក ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគេជួបជុំគ្នាអធិដ្ឋាន។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ប្រាញ ១,១-២

អស់​អ្នក​គ្រប់​គ្រង​ផែន​ដី​អើយ ! ចូរ​ស្រឡាញ់​សេចក្តីសុចរិត ! ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ‌អម្ចាស់! ចូរ​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ​សរ ដ្បិត​អស់​អ្នក​ដែល​មិន​ល្បង​ល​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឱ្យ​គេ​រក​ព្រះ‌អង្គ​ឃើញ អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​សម្ដែង​ឱ្យ​គេ​ស្គាល់​ដែរ។

បន្ទរ៖ ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុង ហើយធ្វើតាមព្រះហឫទ័យព្រះអង្គ។
—នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះយ៉ាង​សុខ​ក្សេម‌ក្សាន្ត។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយ​ក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គ​ចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ហប ១២,១ខ-២

យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះ‌អម្ចាស់​ដាក់​ឱ្យ​យើង​រត់។ ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើឱ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះ‌អង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌អង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ទូល‌បង្គំសូម​ផ្ញើជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ។
—ព្រះបន្ទូលសន្យារបស់ព្រះអង្គធ្វើឱ្យទូលបង្គំក្រោកឡើងវិញ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្ត​អំណត់ ​អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខ​នឹង​ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira