ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សម ១៥,២២

«តើ​ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ»។

បន្ទរ៖ អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យអរ​ព្រះ‌គុណ​ទុក​ជាតង្វាយ។
—ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នកដែល​ដើរ​តាម​មាគ៌ា​របស់​យើង។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គចាត់ពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួចផុតពីគ្រោះថ្នាក់របស់ខ្មាំងសត្រូវទាំងឡាយ ហើយយើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៥,២៦.៦,២

យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។ ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើយ៉ាង​នេះ ទើប​បង‌ប្អូន​បំពេញ​តាម​វិន័យ​របស់​ព្រះ‌គ្រីស្តទាំង​ស្រុង។

បន្ទរ៖ ការ​ដែល​បង‌ប្អូន​នៅ​រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និងសប្បាយ​ក្រៃលែង។
—ជា​កន្លែង​ដែល​ព្រះអម្ចាស់​ប្រទាន​ព្រះពរ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មីក ៦,៨

ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នក។

បន្ទរ៖ ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គខ្លាំងណាស់។
—ទូលបង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


Theme: Overlay by Kaira