ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦ខ-១៧

ដំណឹងល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹង‌ល្អ​នេះ​សម្ដែង​ឱ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឱ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។

បន្ទរ៖ យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ។
—យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅវេលានេះ ព្រះអង្គត្រូវគេនាំយក​ទៅឆ្កាង ឱ្យសោយទិវង្គតលើឈើឆ្កាង សម្រាប់ការសង្គ្រោះពិភព​លោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំទៅរកសេចក្តីសុខសាន្ត និងអំណរសប្បាយ ក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៣,២១-២២ក

ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​សម្ដែង​ឱ្យ​យើង​ដឹង អំពី​របៀប​ព្រះ‌អង្គប្រោស​មនុស្ស​ឱ្យ​សុចរិត គឺ​ព្រះ‌អង្គ​មិន​គិត​ពី​វិន័យទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការីបាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿលើ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ឱ្យ​សុចរិត គឺ​ព្រះ‌អង្គ​ធ្វើដូច្នេះចំពោះ​អស់​អ្នក​ដែល​ជឿ។

បន្ទរ៖ វិន័យរបស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។
—ព្រះ‌បណ្ដាំ​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើឱ្យ​មនុស្ស​ល្ងិតល្ងង់​បែរទៅ​ជា​មាន​ប្រាជ្ញា។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អភ ២,៨-៩

ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្តោស ដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។

បន្ទរ៖ មនុស្ស​នៅ​លើ​ផែនដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ។
—ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំងឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះរបស់ព្រះ‌អង្គ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិត ចេញពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅ​ក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងត​រៀងទៅ។ អាម៉ែន!


Theme: Overlay by Kaira