ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១៣,៤-៧
អ្នកមានចិត្តស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួតបំប៉ោងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់ឱនឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
—ពួកគេនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ករ ១៣,៨-៩.១៣
សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។
—ដ្បិតយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១៤-១៥
ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមករួមគ្នា ក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
—ពួកគេនឹងរីករាយក្នុងសេចក្តីសុខសាន្តយ៉ាងពេញបរិបូណ៌។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!