ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ២២,៣

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដីសុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើបាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។

បន្ទរ៖ ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជាជន​ទាំង‌ឡាយដោយ​យុត្តិធម៌។
—ព្រះជាម្ចាស់​នឹង​ប្រទាន​ផល​ឱ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅ​ចំពោះ​មុខ​អ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ១៥,៧-៨

ក្នុង​បណ្តា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកប្រទាន​ឱ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ដោយ​ឱ្យ​ខ្ចីប្រាក់​ តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។

បន្ទរ៖ បពិត្រ​ព្រះអម្ចាស់ ព្រះអង្គ​ឈ្វេង​យល់បំណង​ចិត្ត​របស់មនុស្ស​ទន់‌ទាប។
—ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) សុភ ២២,២២-២៣

កុំរឹបអូសយកទ្រព្យសម្បត្តិពីជនទុច្ចរិត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឱ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នក ដែលដកហូតយកទ្រព្យសម្បត្តិរបស់ពួកគេ។

បន្ទរ៖ ព្រះអម្ចាស់រំដោះ​ជន‌ទុរគត​ដែល​គ្មាន​ទី​ពឹង។
—ព្រះអង្គសង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira