អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតសិលា ១សល ១,៣-៩

សូមសរសើរតម្កើងព្រះជាម្ចាស់! ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះ​អម្ចាស់នៃយើង!។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយ​យើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គ​ថែរក្សាបងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រាចុងក្រោយបំផុត។
ហេតុនេះហើយ បានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះបងប្អូន​ព្រួយចិត្ត ដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាក​ទាំងនេះ នឹងលត់ដំជំនឿរបស់បងប្អូន ឱ្យមានតម្លៃលើសមាសដែលតែងតែរលាយ​សូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រីស្ត​សម្តែងព្រះអង្គឱ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿងនិងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូន​ស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្តី ក៏បងប្អូនជឿលើ​​ព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។

ទំនុកតម្កើងលេខ ១១១ (១១០),១-២.៥-៦.៩-១០ បទពាក្យ ៧

ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់ ។
គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ
អ្នកពេញចិត្តស្នាព្រះហស្តទ្រ​ង់ស្វះស្វែងយល់ផងកុំរារែក ។
ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ពន្ធមានយូរធ្លាប់មេត្រី ។
ព្រះអង្គសម្តែងអានុភាពឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ ។
ព្រះអង្គរំដោះប្រជារាស្ត្រពួកគេទាំងអស់មានសេរី
ទ្រង់បានចងសម្ពន្ធមេត្រីនឹងរាស្ត្រប្រុសស្រីរហូតទៅ ។
ព្រះនាមព្រះអង្គគង់ទីខ្ពស់វិសុទ្ធឥតមោះឥតហ្មងសៅ
បារមីគួរស្ញែងខ្លាចពេកកូវរាល់យប់ថ្ងៃត្រូវតែគោរព ។
១០អ្នកណាដែលចង់មានប្រាជ្ញាគួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់បើអ្នកគោរពខ្លាចព្រះម្ចាស់ ។
អ្នកប្រតិបត្តិតាមប្រាជ្ញានេះគេអាចត្រិះរិះបានល្អលះ
យើងសូមតម្កើងព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់រហូតទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយ​ភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-២៧

នៅគ្រានោះ ព្រះយេស៊ូកំពុងចេញដំណើរទៅ។ ស្រាប់តែមានបុរសម្នាក់រត់មក​ដល់លុតជង្គង់ចុះនៅមុខព្រះអង្គហើយទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំ​ត្រូវធ្វើអ្វី ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូ​មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់​មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា កុំសម្លាប់​មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេ​មានទោស កុំកេងប្រវ័ញ្ចសម្បត្តិគេឱ្យសោះ ចូរគោរពមាតាបិតា»។ បុរសនោះទូល​ព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងពីក្មេងមក»។ ព្រះយេស៊ូ​ទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀត ដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹម​អញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិល​ត្រឡប់ទៅផ្ទះវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។
ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ទេ»។ ក្រុមសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖​ «កូនចៅអើយ! ព្រះរាជ្យព្រះ​​​​ជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត។ ក្រុមសាវ័ករឹងរឹតតែឆ្ងល់ថែមទៀត ហើយនិយាយ​គ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ​​ ​រួចមានព្រះបន្ទូលថា៖ « ការនេះ មនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះ​អង្គអាចធ្វើគ្រប់ការទាំងអស់បាន»។

297 Views

Theme: Overlay by Kaira