អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៨ រដូវធម្មតា

ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ២៧,៤-៧

កាលណាគេរែងអង្ករ សំរាមលេចចេញមក ពេលមនុស្សនិយាយស្ដី គុណវិបត្ដិ​​របស់គេក៏លេចចេញមកដែរ។ ជាងស្មូនដឹងថា ភាជន៍ល្អឬមិនល្អក្នុងពេល​ដុតចម្អិនវានៅក្នុងឡយ៉ាងណា យើងក៏ដឹងចិត្ដគំនិតរបស់មនុស្សក្នុងពេលគេ​និ​យាយស្ដីយ៉ាងនោះដែរ។ ផ្លែឈើបង្ហាញពីរបៀបដែលគេថែទាំដើមវាយ៉ាងណា ពាក្យសម្ដីក៏បង្ហាញពីចិត្ដថ្លើមរបស់មនុស្សយ៉ាងនោះដែរ។ កុំសរសើរនរណាម្នាក់មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយ ដែលបង្ហាញពីចិត្ដគំនិតរបស់មនុស្ស។

ទំនុកតម្កើងលេខ ៩២ (៩១), ២-៣.១៣-១៦ បទពាក្យ ៧

បពិត្រព្រះអម្ចាស់ខ្ញុំអើយទូលបង្គំនេះហើយស្មូត្រតម្កើង
ពិតជាការគួរប្រពៃផងប្រសើរកន្លងថ្កើងព្រះនាម ។
ទូលបង្គំប្រកាសពីព្រះទ័យករុណាប្រណីពីព្រហាម
ពេលយប់ក៏ថ្លែងមិននៅស្ងៀមឥតរេទីមទាមមិនឈប់ឈរ ។
១៣មនុស្សសុចរិតនឹងដុះដាលលូតលាស់ត្រកាលដូចត្នោតធំ
បែកមែកសាខាម្លប់ត្រសុំដូចគគីរផ្ដុំនៅជិតគ្នា ។
១៤ពួកគេប្រៀបបាននឹងដើមឈើលូតលាស់ដុះលើព្រះពន្លា
គេរីកដុះដាលក្នុងវិហាររបស់ព្រះជាម្ចាស់ថ្លាថ្លៃ ។
១៥ទោះបីគេមានវ័យចំណាស់ទោះខ្លួនគេចាស់ដូចម្ដេចក្ដី
គេបង្កើតផ្លែពន្លកថ្មីស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច ។
១៦ការនេះសម្ដែងឱ្យឃើញថាព្រះអម្ចាស់ជាថ្មមាំពិត
ទ្រង់មានព្រះទ័យត្រង់សុចរិតឥតប្រែប្រួលចិត្ដសោះឡើយណា ។

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៥៤-៥៨

បងប្អូនជាទីស្រឡាញ់
នៅថ្ងៃចុងក្រោយបំផុត រូបកាយដែលតែងតែរលួយរបស់ យើងនេះនឹងទទួលភាពមិនចេះរលួយ។ នៅពេលរូបកាយដែលរមែងតែង​​​តែស្លាប់នេះ ទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុង​គម្ពីរ​នឹងបានសម្រេចជា រូបរាង គឺថា ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុ​រាជអើយ! តើជ័យជម្នះ របស់ឯងនៅឯណា? មច្ចុរាជអើយ! តើអំណាច​ប្រហារ​ជីវិតរបស់ឯងនៅឯណា?។ អំណាចនៃមច្ចុរាជនោះ មកពីអំពើបាប រីឯអំ​ណា​ច​នៃអំពើបាបមកពីធម្មវិន័យ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ដ។ បងប្អូនជាទីស្រ​ឡាញ់អើយ! ហេតុនេះ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ច​ការរបស់ព្រះអម្ចាស់ឱ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥត​ប្រយោជន៍ឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត!។ បងប្អូននឹងភ្លឺ ដូចពន្លឺដែលបំភ្លឺមនុស្សលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៣៩-៤៥

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាច ស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញ​​​ល្អងធូលីនៅក្នុងភ្នែករបស់បងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់​អ្នក​ផ្ទាល់ដូច្នេះ?។ បើអ្នកមើលធ្នឹមនៅក្នុងភ្នែក របស់អ្នកមិនទាំងឃើញផង ម្ដេច​​ក៏​ហ៊ាននិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជា មុនសិន ទើបអ្នកមើល​ឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ ដើម​​​​ឈើល្អ មិនដែលឱ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យ​ផ្លែ​ល្អដែរ ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណា​បេះ​ផ្លែស្វាយ ឬផ្លែទំពាំងបាជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះ​​ចិត្ដ របស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដ​របស់​គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។

308 Views

Theme: Overlay by Kaira