អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,១-៦
អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល។ អ្នករាល់គ្នារស់នៅលើផែនដីនេះ យ៉ាងសម្បូណ៌សប្បាយថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំតបតនឹងអ្នករាល់គ្នាវិញឡើយ។
ទំនុកតម្កើងលេខ ៤៩ (៤៨),១៧-២០.១៤-១៦ បទកាកគតិ
១៧ | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួនទៅ | |
កុំភ័យខ្លាចអី។ | |||
១៨ | ពេលដែលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | |
អ្នកក្ស័យបានឡើយ។ | |||
១៩ | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | |
ដែលគេមានបាន។ | |||
២០ | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | |
ដែលគ្មានពន្លឺ។ | |||
១៤ | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត | |
យ៉ាប់យ៉ឺនពេកក្រៃ។ | |||
១៥ | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | |
មិនឱ្យឃ្លាតឆ្ងាយ។ | |||
រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | |
របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | |
ក្នុងស្ថានមនុស្សស្លាប់។ | |||
១៦ | ប៉ុន្តែព្រះម្ចាស់ | មានប្ញទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | |
មកយកខ្ញុំទៅ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស ២,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះពុំមែនជាពាក្យសម្តីរបស់មនុស្សទេ គឺពិតជាព្រះជាម្ចាស់មានព្រះបន្ទូលមកមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៤១-៥០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្ត ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្តាអ្នកដែលជឿលើខ្ញុំទាំងនេះឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមួយមកចងកគាត់ រួចទម្លាក់គាត់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់មានភ្លើងមិនចេះរលត់ ដ្បិតមនុស្សគ្រប់ៗរូប នឹងមានជាតិប្រៃដោយសារភ្លើង។ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្តេចនឹងឱ្យវាប្រៃឡើងវិញបាន?