អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌ស
បុណ្យគោរព

អាសនៈ សន្តសិលា ជាគ្រីស្តទូត

នៅថ្ងៃនោះ គ្រីស្តបរិស័ទក្រុងរ៉ូមពីដើមនាំគ្នាគោរពសន្តៈ សិលា និងសន្តៈ ប៉ូល ជាគ្រូបាធ្យាយ​ដើម​ដំបូងនៃព្រះសហគមន៍របស់គេ។ ព្រះសហគមន៍ចាត់សន្តសិលាទុកជាគ្រឹះនៃព្រះសហគមន៍។ ទាំង​​លោក ទាំងសម្តេចប៉ាប ដែលបន្តមុខងាររបស់លោក មានភារកិច្ច​គាំទ្រ​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​ទាំង​ឡាយ ព្រមទាំងណែនាំគេឱ្យរួបរួមគ្នាជាធ្លុងតែ​មួយ ។

សូមថ្លែងលិខិតទី១ របស់សន្តសិលា ១សល ៥,១-៤

បងប្អូនជាទីស្រឡាញ់!
ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និង​ជាអ្នករួមទទួលសិរីរុងរឿងដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោម​បងប្អូន​ថា​សូម​​មើល​ថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើ​អំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឱ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើ​ជាគំរូដល់​ហ្វូង​ចៀម​វិញ។ ពេលអ្នកគង្វាលដ៏ឧត្តមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី ។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៣-១៩

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំង​សិលា​នេះខ្ញុំ​នឹង​សង់​ព្រះ​សហគម​ន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព។ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ « មនុស្ស​ទាំង​ឡាយ​ថាបុត្រមនុស្សជានរណា?»។ គេទូលថា៖” អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត  អ្នកខ្លះថាលោក​ជា​​​ព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប “។ ព្រះអង្គសួរគេទៀតថា៖ «ចុះ​អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ? »។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា ៖”លោក​ជា​ព្រះ​គ្រីស្ត ជា​ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ “។ ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា​៖​​«ស៊ី​ម៉ូនកូនលោកយ៉ូណាស! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺ​ព្រះ​បិ​តា​រ​បស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលា​ហើយ​​នៅ​ផ្ទាំ​ង​សិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ ពុំមានអំណាច​លើព្រះ​សហគមន៍​នេះ​បាន​ឡើយ ខ្ញុំ​និង​ប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះព្រះជាម្ចាស់​នឹង​ចង​នៅ​​ស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដីព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ » ។

375 Views

Theme: Overlay by Kaira