អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តសិលា ដាមីយុាំងជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកដាមីយ៉ាំង កើតប្រហែលនៅឆ្នាំ ១០០៧ នៅក្រុងរ៉ាវ៉ែន (ប្រទេសអ៊ីតាលី)។ កាល​បានអាយុ ២៨ឆ្នាំ លោកបួសជាឥសីរស់នៅក្នុងព្រៃ។ លោកយក​ចិត្តទុក​ដាក់​កែ​តម្រង់ព្រះសហគមន៍​ដោយប្រៀន​ប្រដៅអស់លោកបូជាចារ្យ។ លោកនិពន្ធសៀវភៅជាច្រើនក្បាល ហើយកាន់វិន័យយ៉ាងតឹងរឹង លោក​ទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអូស្ទីយ៉ា (អ៊ីតាលី) តែលោកសូមលា​លែង​មុខ​តំ​ណែង​ត្រឡប់ទៅរស់នៅជាឥសីវិញ។ លោកទទួលមរណភាពនៅឆ្នាំ ១០៧២។

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៣,១៣-១៨

បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្តែងកិរិយាមារយាទរបស់ខ្លួនឱ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្តច្រណែនឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហក ទាស់នឹងសេចក្តីពិតឱ្យសោះ។ ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ​គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស ដ្បិតទីណា​មានការច្រណែនប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្តាប់ធ្នាប់ និងមាន​រឿងអាស្រូវគ្រប់យ៉ាង។ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ជាប្រាជ្ញាបរិសុទ្ធ​បន្ទាប់មក ជាប្រាជ្ញាផ្តល់សន្តិភាព​ មានអធ្យាស្រ័យ ទុកចិត្តគ្នាពោរពេញទៅដោយ​ចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាងឥតមានលម្អៀង ឥតមានពុតត្បុត។ អស់​អ្នកកសាងសន្តិភាព តែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត។

ទំនុកតម្កើងលេខ ១៩ (១៨),៨-១០.១៥ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា ។
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់ ។
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចិរស្សការតទៅគង់វង់ការវិនិច្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ ។
១៥ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំ
សូមប្រោសប្រណីតាមពាក្យទូលសុំសេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះរបស់យើងបានបំបាត់អំណាចនៃសេចក្តីស្លាប់។
ព្រះអង្គបានបំភ្លឺយើង ឱ្យស្គាល់​ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,១៤-២៩

ព្រះយេស៊ូ លោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន បានមកជួបសាវ័កឯទៀតៗ​ព្រះអង្គទតឃើញបណ្តាជនច្រើនកុះករ ឈរនៅជុំវិញសាវ័កទាំងនោះ ហើយឃើញពួក​បូជាចារ្យជជែកជាមួយគេផង ។ កាលបណ្តាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់​គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?។ ក្នុងចំណោមបណ្តាជន មានបុរសម្នាក់ទូលព្រះអង្គ​ថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានខ្មោច​ចូល ធ្វើឱ្យគេនិយាយពុំរួច។ នៅទីណាក៏ដោយ ពេលខ្មោចចូលម្តងៗ វាផ្តួលកូនខ្ញុំ​ប្របាទលើដី ឱ្យបែកពពុះមាត់សង្កៀតធ្មេញ ហើយរឹងខ្លួន។​ ខ្ញុំប្របាទបានសុំសាវ័ក​របស់លោកឱ្យដេញខ្មោចនេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្តាជនថា៖«នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ គេក៏នាំវា​ចូលមកជិតព្រះយេស៊ូ។ កាលខ្មោចឃើញព្រះអង្គ វាផ្តួលក្មេងនោះឱ្យប្រកាច់ប្រកិនព្រមទាំងននៀលបែកពពុះមាត់។ ព្រះយេស៊ូ សួរទៅឪពុកថា៖«តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងពីតូចម្លេះ។ ខ្មោចធ្វើឱ្យវាដួលលើភ្លើង​ឱ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឱ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាច​​ធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកនិយាយថា ប្រសិនបើលោកអាចជួយបាន ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖«ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឱ្យខ្ញុំប្របាទដែលជាអ្នកមិនជឿនេះផង!»។ ពេលនោះ ព្រះយេស៊ូទតឃើញបណ្តាជនរត់មក ព្រះអង្គ​ក៏គំរាមខ្មោច ដោយបញ្ជាថា៖ «នែ៎ ខ្មោចថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឱ្យសោះ!»។ ខ្មោចក៏ស្រែកឡើង ព្រមទាំងធ្វើឱ្យក្មេងនោះប្រកាច់​ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្តូកស្តឹង ដូចមនុស្សស្លាប់ធ្វើឱ្យមនុស្សជាច្រើនស្មានថា វាស្លាប់បាត់ទៅហើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គ​ចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ក្រុមសាវ័កទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនេះចេញបាន?»។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅគេថា៖«គេអាចដេញខ្មោចប្រភេទនេះបាន លុះត្រាតែអធិដ្ឋាន»។

356 Views

Theme: Overlay by Kaira