ថ្ងៃសៅរ៍ អាទិត្យទី០៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៣,១-១០

បងប្អូនជាទីស្រាឡាញ់!
កុំស្មានថាព្រះជាម្ចាស់ហៅបងប្អូនទាំងអស់ធ្វើគ្រូឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ។ យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុសដោយពាក្យសម្តី អ្នក​នោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ យើងធ្លាប់ដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បី​ឱ្យវាស្តាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូល​ឱ្យទៅណាក៏បាន។ សូមគិតអំពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារ​ចង្កូតដ៏តូចមួយ។ រីឯអណ្តាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយដ៏តូចមែន តែពូកែធ្វើការ​សម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឱ្យឆេះព្រៃមួយយ៉ាងធំបានដែរ។ អណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្តាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឱ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឱ្យ​ដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្តាតនេះ។ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វ​លូនវារ សត្វនៅក្នុងទឹកក៏មនុស្សផ្សាំងបានដែរ ប៉ុន្តែ គ្មានជនណាម្នាក់អាផ្សាំង​អណ្តាតបានឡើយ ព្រោះជាគ្រឿងមួយដ៏ចង្រៃ ដែលចេះតែគន្លាស់ជានិច្ច ពោរពេញ​ទៅដោយពិសពុល បណ្តាលឱ្យស្លាប់ទៀតផង។ ដោយសារអណ្តាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្តាតដដែល យើងក៏ជេរប្រទេចផ្តាសា​​មនុស្ស ដែលព្រះអង្គបានបង្កើតមក ឱ្យមានលក្ខណៈដូចព្រះអង្គដែរ។ គឺទាំងពាក្យ​អរព្រះគុណ ទាំងពាក្យជេរប្រទេចផ្តាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ​ធ្វើដូច្នេះមិនកើតទេ!។

ទំនុកតម្កើងលេខ ១២ (១១),២-៥.៧-៨ បទពាក្យ ៧

ឱ!ព្រះអម្ចាស់សូមជួយផងមនុស្សច្រើនកន្លងសឹងលែងមាន
ក្នុងចំណោមមនុស្សរាប់សែនលានបាត់បង់អស់គ្មានអ្នកត្រង់ស្មោះ
ម្នាក់ៗគិតតែមួលបង្កាច់ដាក់គ្នាមិនដាច់ឥតឈប់សោះ
ពាក្យគេនិយាយស្ទើរទាំងអស់សុទ្ធតែបញ្ជោះបញ្ចើចគ្នា
សូមព្រះអម្ចាស់បំបិទមាត់ដែលពោលបញ្ចើចកុំរួញរា
និងកាត់អណ្តាតដែលមុសានិយាយប្ញស្យាយ៉ាងព្រហើន
ពួកគេពោលថា «ដោយសារមាត់របស់យើងពិតអ្វីក៏បាន
ជោគជ័យដរាបឥតស្រាកស្រាន្តគ្មាននរណាហ៊ានត្រួតលើយើង»
បន្ទូលរបស់ព្រះអម្ចាស់គួរទុកចិត្តណាស់ពេញអង្គកាយ
បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយដែលដុតរំលាយប្រាំពីរដង
ព្រះអម្ចាស់ដែលគ្រប់គ្រងថែព្រះអង្គតែងតែធ្វើឥតឆ្គង
តាមព្រះបន្ទូលគ្មានសៅហ្មងជានិច្ចសព្វដងប្រពៃពិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៩,៥​

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ចូរនាំគ្នាក្រាបទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១៣

​ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំមួយដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្រ្តរបស់ព្រះអង្គ ត្រឡប់ជាមាន​ពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដី អាចធ្វើឱ្យសយ៉ាងនេះ​បានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនា​ជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរ​ណាស់ យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយ​ទៀតសម្រាប់លោកអេលី»។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ រំពេចនោះក្រុមសាវ័កពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ដែល​គង់ជាមួយគេ ។
ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យ​និយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្ស​មានជីវិតថ្មីដ៏រុងរឿង ។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើពាក្យ” មានជីវិតថ្មីដ៏រុងរឿង” មានន័យដូចម្តេច?»។ បន្ទាប់មក គេទូលសួរព្រះ​អង្គថា៖​«ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវ​អញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖«ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយ​ផងដូច្នេះ? ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេ ដូចមានចែងទុក​ក្នុងគម្ពីរអំពីលោកស្រាប់»។

337 Views

Theme: Overlay by Kaira