អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៣,១-១០
បងប្អូនជាទីស្រាឡាញ់!
កុំស្មានថាព្រះជាម្ចាស់ហៅបងប្អូនទាំងអស់ធ្វើគ្រូឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ។ យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុសដោយពាក្យសម្តី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ យើងធ្លាប់ដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឱ្យវាស្តាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូលឱ្យទៅណាក៏បាន។ សូមគិតអំពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្តាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយដ៏តូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឱ្យឆេះព្រៃមួយយ៉ាងធំបានដែរ។ អណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្តាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឱ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឱ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្តាតនេះ។ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹកក៏មនុស្សផ្សាំងបានដែរ ប៉ុន្តែ គ្មានជនណាម្នាក់អាផ្សាំងអណ្តាតបានឡើយ ព្រោះជាគ្រឿងមួយដ៏ចង្រៃ ដែលចេះតែគន្លាស់ជានិច្ច ពោរពេញទៅដោយពិសពុល បណ្តាលឱ្យស្លាប់ទៀតផង។ ដោយសារអណ្តាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្តាតដដែល យើងក៏ជេរប្រទេចផ្តាសាមនុស្ស ដែលព្រះអង្គបានបង្កើតមក ឱ្យមានលក្ខណៈដូចព្រះអង្គដែរ។ គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្តាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយធ្វើដូច្នេះមិនកើតទេ!។
ទំនុកតម្កើងលេខ ១២ (១១),២-៥.៧-៨ បទពាក្យ ៧
២ | ឱ!ព្រះអម្ចាស់សូមជួយផង | មនុស្សច្រើនកន្លងសឹងលែងមាន | |
ក្នុងចំណោមមនុស្សរាប់សែនលាន | បាត់បង់អស់គ្មានអ្នកត្រង់ស្មោះ | ។ | |
៣ | ម្នាក់ៗគិតតែមួលបង្កាច់ | ដាក់គ្នាមិនដាច់ឥតឈប់សោះ | |
ពាក្យគេនិយាយស្ទើរទាំងអស់ | សុទ្ធតែបញ្ជោះបញ្ចើចគ្នា | ។ | |
៤ | សូមព្រះអម្ចាស់បំបិទមាត់ | ដែលពោលបញ្ចើចកុំរួញរា | |
និងកាត់អណ្តាតដែលមុសា | និយាយប្ញស្យាយ៉ាងព្រហើន | ។ | |
៥ | ពួកគេពោលថា «ដោយសារមាត់ | របស់យើងពិតអ្វីក៏បាន | |
ជោគជ័យដរាបឥតស្រាកស្រាន្ត | គ្មាននរណាហ៊ានត្រួតលើយើង» | ។ | |
៧ | បន្ទូលរបស់ព្រះអម្ចាស់ | គួរទុកចិត្តណាស់ពេញអង្គកាយ | |
បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយ | ដែលដុតរំលាយប្រាំពីរដង | ។ | |
៨ | ព្រះអម្ចាស់ដែលគ្រប់គ្រងថែ | ព្រះអង្គតែងតែធ្វើឥតឆ្គង | |
តាមព្រះបន្ទូលគ្មានសៅហ្មង | ជានិច្ចសព្វដងប្រពៃពិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៩,៥
អលេលូយ៉ា! អាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ចូរនាំគ្នាក្រាបទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១៣
ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំមួយដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្រ្តរបស់ព្រះអង្គ ត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដី អាចធ្វើឱ្យសយ៉ាងនេះបានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី»។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ រំពេចនោះក្រុមសាវ័កពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ដែលគង់ជាមួយគេ ។
ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សមានជីវិតថ្មីដ៏រុងរឿង ។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើពាក្យ” មានជីវិតថ្មីដ៏រុងរឿង” មានន័យដូចម្តេច?»។ បន្ទាប់មក គេទូលសួរព្រះអង្គថា៖«ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖«ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ? ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។