ថ្ងៃសុក្រ អាទិត្យទី០៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ២,១៤-២៤.២៦​

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្ត​អំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះ អាចធ្វើឱ្យគេទទួលការសង្រ្គោះ​បានឬ?។ ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និង​គ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា “សូមអញ្ជើញទៅដោយសុខសាន្ដ សូម​ឱ្យបានក្ដៅស្រួល សូមបរិភោគឱ្យបានឆ្អែត!” តែមិនឱ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?។ រីឯជំនឿវិញ​ដ៏ដូច្នេះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្តង!។
ប្រសិនបើមានម្នាក់ពោលថា៖“អ្នកឯងមានជំនឿ” រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូម​បង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឱ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹង​បង្ហាញឱ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ អ្នកជឿថា​ព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ឱ! មនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ?។ លោក​អប្រាហាំជាបុព្វបុរសរបស់យើង បានសុចរិតដោយសារអំពើដែលលោកប្រព្រឹត្ត គឺ​លោកបានយកអ៊ីសាកជាកូន ទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ អ្នក​ឃើញទេ? ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែល​លោកប្រព្រឹត្ត ធ្វើឱ្យជំនឿបានពេញលក្ខណៈ ស្របតាមសេចក្តីដែលមានចែងទុកក្នុង​គម្ពីរថា” លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបាន​សុចរិត”។ ដោយយល់ដល់ជំនឿនេះ លោកក៏មានឈ្មោះថា ជាមិត្តសមា្លញ់របស់​ព្រះជាម្ចាស់ដែរ។ ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិតដោយសារអំពើល្អដែលគេប្រព្រឹត្ត ​​គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ រូបកាយដែលគ្មានវិញ្ញាណជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ​ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។

ទំនុកតម្កើងលេខ ១១២ (១១១),១-៦ បទពាក្យ ៧

អ្នកឱ្យនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាច​​ចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះមនុស្សដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វមនុស្សប្រុសស្រី
មនុស្សណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
មនុស្សគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០​

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,៣៤-៩,១

​ព្រះយេស៊ូត្រាស់ហៅបណ្តាជន និងសាវ័កមក រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន​ រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ នឹងបានរួចជីវិតវិញ​។ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះ នឹងមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ នៅ​ក្នុងកណ្តាលចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាសមិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រនៃមនុស្សយាងមកប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គ និងទេវទូត​ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀនមិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថាមនុស្សខ្លះដែលនៅទីនេះ នឹងមិនស្លាប់ទេ មុននឹងបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មក​ដល់ប្រកបដោយប្ញទ្ធានុភាព»។

273 Views

Theme: Overlay by Kaira