ថ្ងៃព្រហស្បតិ៍អាទិត្យទី០៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ឬសន្តទាំង ៧ ជាអ្នកបង្កើត
ក្រុមគ្រួសារបម្រើព្រះនាងម៉ារី

ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី)។ សម្រេច​ចិត្ត​លះបង់​អ្វីៗទាំងអស់ ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់​ឈ្មោះ​ខ្លួនថា “ អ្នលបម្រើរបស់ព្រះនាងម៉ារី “ ព្រោះពួកគេចូលចិត្ត​នឹក​សញ្ជឹងអំពីព្រឹត្តិការណ៍​នៃជីវ​ប្រ​វត្តិ​ព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះ​បង្កើត​ក្រុម​គ្រួ​សារបព្វជិត ដែលមានមុខងារទេសនា និងបង្រៀន។

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ២,១-៩

បងប្អូនជាទីស្រឡាញ់!
បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ប្រកប​ដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឱ្យសោះ។ ពេលបង​ប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមាន​ពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺ​ផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាករហែករយ៉ីរយ៉ៃ ចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា “សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!” ហើយពោលទៅកាន់អ្នកក្រថា “ទៅឈរនៅកៀននោះទៅ! ឬថា “មកអង្គុយនៅក្រោមកន្លែងខ្លុំដាក់ជើងឯណេះ!”។ បានសេចក្តីថាក្នុងចំណោម​បងប្អូន បងប្អូនរាប់រកមនុស្សដោយរើសមុខ ហើយបងប្អូនក៏វិនិច្ឆ័យគេដោយគំនិតអាក្រក់ដែរ ។ បងប្អូនជាទីស្រឡាញ់អើយ! សូមស្តាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឱ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឱ្យទទួលព្រះរាជ្យដែល​ទ្រង់បានសន្យាថា ប្រទានឱ្យអស់អ្នកស្រឡាញ់ព្រះអង្គទុកជាមត៌ក។ រីឯបងប្អូន​ បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញ​បងប្អូនយកទៅឱ្យតុលាការកាត់ទោស? តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូន​ទេឬ?។
ប្រសិនបើបងប្អូនប្រតិបត្តិតាមវិន័យរបស់ព្រះរាជ្យស្របតាមគម្ពីរ ពោលគឺ “ត្រូវ​ស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។​ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនទាំងគ្នាប្រកាន់វណ្ណៈ បានសេចក្តីថាបងប្អូនប្រព្រឹត្តអំពើបាប ហើយធម្មវិន័យចាត់ទុកបងប្អូនជាអ្នក​ប្រព្រឹត្តបទល្មើស។

ទំនុកតម្កើងលេខ ៣៤(៣៣),២-៧ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលាសូមលើកតម្កើង
ព្រះអង្គគ្រប់គ្រាឥតមានរួញរាឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្រ្គោះខ្ញុំមិនកន្តើយចូរអ្នកទន់ទាប
ស្តាប់កុំព្រងើយនឹងបានធូរស្បើយអំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថាព្រះម្ចាស់ថ្កុំថ្កើង
រុងរឿងក្រៃណាយើងនាំគ្នីគ្នាតម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់ទ្រង់បានរំដោះ
ខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មងឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះផុតអស់ទុក្ខសោក
វិយោគរងគ្រោះពួកគេទាំងនោះមិនខកចិត្តឡើយ
អស់អ្នកកំសត់និងមនុស្សទុរគតគេស្រែកដង្ហោយហៅរកព្រះម្ចាស់
ទ្រង់សណ្តាប់ហើយសង្រ្គោះគេឱ្យផុតពីគ្រោះកាច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨​

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ និងផ្តល់ជីវិត!។ ព្រះបន្ទូលព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៣

ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីព ជាមួយក្រុម​សាវ័ក។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជា​នរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណា​ដែរ?»​។ លោកសិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា៖ «បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងសម្លាប់លោកទៀតផង តែបីថ្ងៃក្រោយ​មក ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងវិញ» ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ​ដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយ​បន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយទ្រង់មានព្រះ​បន្ទូលបន្ទោសលោកសិលាវិញថា៖«នែ! មារសាតាំង! ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិត​អ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។

244 Views

Theme: Overlay by Kaira