ថ្ងៃពុធអាទិត្យទី០៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

បុណ្យរម្លឹក
សន្តស៊ីរ៉ីលជាបព្វជិត និងសន្តម៉េតូដ
ជាអភិបាលព្រះសហគមន៍
ពណ៌ស

លោកកុងស្តង់ទីន ហៅថា ” ស៊ីរ៉ីល ” និងលោកម៉េតូដ ជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់​នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំ​ណឹង​នៅ​ទ្វីប​អឺរ៉ុប​កណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាង ដែលមានប្រើរហូត​មក​ដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរ ដែលប្រើភាសាសាមញ្ញដូច្នេះ តែ​សម្តេច​ប៉ាប​គាំទ្រពួកលោក។ លោកម៉េតូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរណា និងជាតំណាង​សម្តេច​​ប៉ាបទៀត។ លោកស៊ីរ៉ីលទទួលមរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោក​ម៉េតូដ​ទទួល​មរណ​ភាពនៅឆ្នាំ ៨៨៥។

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ១,១៩-២៧

បងប្អូនជាទីស្រឡាញ់!
បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែម្នាក់ៗត្រូវប្រុងប្រៀបស្តាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹង ពុំអាចធ្វើអ្វីស្រប​តាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកម្រោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់​ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្រ្គោះព្រលឹងរបស់បងប្អូន។
ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្តាប់ព្រះបន្ទូលហើយមិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះ​កញ្ចក់មើលមុខខ្លួន លុះពិនិត្យមើលរួចហើយក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថា​មុខខ្លួនឯងដូចម្តេចផង។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលវិន័យដ៏គ្រប់លក្ខណៈជាវិន័យដែលផ្តល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែ​ស្តាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គលក្នុងកិច្ចការដែលខ្លួនធ្វើ ជាមិនខាន។
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន​អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វី​ដែរ។ រីឯសាសនាដ៏បរិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្រ្តព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅ​លើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្រ្តីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅ​លើការរក្សាខ្លួនឱ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។

ទំនុកតម្កើងលេខ ១៥ (១៤) ,១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិតិ្តយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោរពពាក្យសម្តី
បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកំរៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្តរ៍

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,១.៨​

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំសូមច្រៀងសសើរតម្កើងព្រះអម្ចាស់! ព្រះអង្គប្រោសមនុស្សខ្វាស់ឱ្យមើលឃើញ ព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២២-២៦

​ព្រះយេស៊ូនិងក្រុមសាវ័កធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ព្រះ​យេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ទាំងមានព្រះបន្ទូលសួរថា «តើអ្នកមើល ឃើញអ្វីខ្លះទេ?»។ បុរសនោះបើកភ្នែកឡើង ទូលថា៖«ខ្ញុំឃើញមនុស្សដើរស្ទុងៗមើលទៅដូជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត។ បុរស នោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖«កុំចូលទៅក្នុងភូមិឱ្យសោះ»។

268 Views

Theme: Overlay by Kaira