អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ១,១៩-២៧
បងប្អូនជាទីស្រឡាញ់!
បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែម្នាក់ៗត្រូវប្រុងប្រៀបស្តាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹង ពុំអាចធ្វើអ្វីស្របតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកម្រោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្រ្គោះព្រលឹងរបស់បងប្អូន។
ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្តាប់ព្រះបន្ទូលហើយមិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន លុះពិនិត្យមើលរួចហើយក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្តេចផង។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលវិន័យដ៏គ្រប់លក្ខណៈជាវិន័យដែលផ្តល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្តាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គលក្នុងកិច្ចការដែលខ្លួនធ្វើ ជាមិនខាន។
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួនអ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ រីឯសាសនាដ៏បរិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្រ្តព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្រ្តីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឱ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
ទំនុកតម្កើងលេខ ១៥ (១៤) ,១-៥ បទព្រហ្មគីតិ
១ | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ | |
២ | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
អំពើសុចរិត | និយាយពិតជាដរាប | ។ | |
៣ | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
តែគេលើកកិតិ្តយស | អ្នកគោរពកោតព្រះអង្គ | ។ | |
បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | ||
ក៏គេមិនបង្អង់ | គេគោរពពាក្យសម្តី | ។ | |
៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
មិនចង់បានកំរៃ | ច្រើនតិចក្តីគេមិនយក | ។ | |
អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ៍ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,១.៨
អលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំសូមច្រៀងសសើរតម្កើងព្រះអម្ចាស់! ព្រះអង្គប្រោសមនុស្សខ្វាស់ឱ្យមើលឃើញ ព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២២-២៦
ព្រះយេស៊ូនិងក្រុមសាវ័កធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ទាំងមានព្រះបន្ទូលសួរថា «តើអ្នកមើល ឃើញអ្វីខ្លះទេ?»។ បុរសនោះបើកភ្នែកឡើង ទូលថា៖«ខ្ញុំឃើញមនុស្សដើរស្ទុងៗមើលទៅដូជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត។ បុរស នោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖«កុំចូលទៅក្នុងភូមិឱ្យសោះ»។