អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១៥ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ១,១២-១៨

អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះ​ជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ជួបនឹងការល្បួងមិនត្រូវពោលថា៖ “ព្រះជាម្ចាស់ល្បួងខ្ញុំ” ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឱ្យធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួប​នឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោត​ប៉ុណ្ណោះ។ ចិត្តលោភលន់រមែងតែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់​កំរិតហើយ ក៏បណ្តាលឱ្យស្លាប់។

បងប្អូនជាទីស្រឡាញ់អើយ! សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺ​មកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គសូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហប្ញទ័យបង្កើតយើងមកដោយារព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឱ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗ​ទាំងអស់ដែលព្រះអង្គបង្កើតមក។

ទំនុកតម្កើងលេខ ៩៤ (៩៣),១២-១៥.១៨-១៩ បទព្រហ្មគីតិ

១២បពិត្រព្រះអម្ចាស់អ្នកដែលព្រះប្រៀនប្រដៅ
អប់រំព្រះវិន័យអ្នកនោះហើយមានមង្គល
១៣នៅថ្ងៃមានអាសន្នទ្រង់បន្ទន់គេលែងខ្វល់
មានរណ្តៅតម្កល់ទុកសម្រាប់កប់មនុស្សពាល
១៤ដ្បិតព្រះអង្គមិនបោះឱ្យនៅរស់ឈ្មោះតែលតោល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់
១៥ចៅក្រមនឹងកាត់ក្តីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុត្តិធម៌
១៨ពេលខ្ញុំពោលថាអស់កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបានតាមព្រះហប្ញទ័យស្ម័គ្រស្មោះ
១៩ពេលណាមានកង្វល់ទុក្ខខ្វាយខ្វល់រាប់មិនអស់
ព្រះអង្គទ្រង់សន្តោសប្រោសឱ្យខ្ញុំអរសប្បាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១៤-២១

​ក្រុមសាវ័កភ្លេចយកនំប័ុងទៅជាមួយ។ នៅក្នុងទូក គេមាននំប័ុងតែមួយដុំ​ប៉ុណ្ណោះ។ ព្រះយេស៊ូមានព្រះបន្ទូលដាក់តឿនគេថា៖«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្តេចហេរ៉ូដឱ្យមែនទែន»។ ក្រុម​សាវ័កជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះមកពីយើងគ្មាននំប័ុងទេដឹង!»។ ព្រះយេស៊ូជ្រាបគំនិងពួកគេ ក៏មានព្រះបន្ទូលថា៖«ម្តេចក៏ជជែកគ្នាអំពីរឿងគ្មាននំប័ុង​ដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្តាប់បាន ពុំទានយល់សេចក្តីទេឬ? ឬមួយអ្នករាល់គ្នា​មានចិត្តរឹងរូសឬ? អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់​មិនឮ!។ តើអ្នករាល់គ្នាចាំឬទេ កាលខ្ញុំកាច់នំប័ុងប្រាំដុំចែកឱ្យមនុស្សប្រាំពាន់នាក់ តើ​អ្នករាល់គ្នាប្រមូលនំប័ុងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរ​ល្អី»។ «ចុះកាលខ្ញុំកាច់នំប័ុងប្រាំពីរដុំចែកឱ្យបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ?»។





















282 Views

Theme: Overlay by Kaira