អត្ថបទព្រះគម្ពីរ
ថ្ងៃទី១៤ ខែកុម្ភៈ
ពណ៌ស
បុណ្យរម្លឹក
សន្តស៊ីរ៉ីល ជាបព្វជិត និងសន្ត មេ៉តូដ
ជាអភិបាលព្រះសហគមន៍
លោកកុងស្តង់ទីន ហៅថា ” ស៊ីរ៉ីល ” និងលោកម៉េតូដ ជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំណឹងនៅទ្វីបអឺរ៉ុបកណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាង ដែលមានប្រើរហូតមកដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរ ដែលប្រើភាសាសាមញ្ញដូច្នេះ តែសម្តេចប៉ាបគាំទ្រពួកលោក។ លោកម៉េតូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរណា និងជាតំណាងសម្តេចប៉ាបទៀត។ លោកស៊ីរ៉ីលទទួលមរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោកម៉េតូដទទួលមរណភាពនៅឆ្នាំ ៨៨៥។
សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៤ ,១-២.៥-៧
បងប្អូនជាទីស្រឡាញ់!
បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឱ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឱ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឱ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឱ្យទុកចិត្តលើយើង នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។
យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឱ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឱ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភក្ត្ររបស់ព្រះគ្រីស្តដែរ។ យើងមានមុខងារដ៏ប្រសើរនេះប្រៀបបីដូចជាឆ្នាំងដី ដែលមានកំណប់នៅខាងក្នុង ដើម្បីឱ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។
ទំនុកតម្កើងលេខ ៩៦( ៩៥ ) ,១-៧.៧-៨.១០ បទព្រហគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
៤ | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា | |
អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ | |
៥ | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទាំងអស់ | |
រីឯព្រះអម្ចាស់ | ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ | ។ | |
៦ | មានពន្លឺរស្មី | ចែងចាំងក្រៃល្អពន់ពេក | |
ដំណាក់គន់គាប់ភ្នែក | បារមីប្លែកថ្កើងត្រចង់ | ។ | |
៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ | |
៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ | |
១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ | |
ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | ||
ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត!
អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤, ១– ៩
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។