អត្ថបទព្រះគម្ពីរ
ថ្ងៃទី១០ ខែកុម្ភៈ
ពណ៌ស
បុណ្យរម្លឹក
សន្តីស្កូឡាស្ទីក ជាព្រហ្មចារិនី
នាងស្កូឡាស្ទីក (ប្រ.៤៨០-៥៤៧ ) ជាប្អូនស្រីរបស់សន្ត បេណេឌីកតូ ដែលតែងតាំងវិន័យព្រះសង្ឃក្នុងគ្រីស្តសាសនានៅទ្វីបអឺរ៉ុប។ នៅសម័យនោះ សង្គ្រាមរាលដាលក្នុងប្រទេសអ៊ីតាលី ជាប្រទេសរបស់នាង តែនាងនៅតែបម្រើព្រះជាម្ចាស់ និងអ្នកដទៃដោយចិត្តនឹងន។
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,២៥-៣៥
រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ក្នុងនាមខ្ញុំជាមនុស្សគួរឱ្យទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះរូបខ្ញុំ។ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឱ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ បើបងប្អូនរៀបការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្ត្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្តែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់ឱ្យបងប្អូនចៀសផុតពីការលំបាកទាំងនោះ។ បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។ ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឱ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ត្រីដែលគ្មានប្ដី និងស្ត្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ត្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឱ្យបានគាប់ចិត្តប្ដី។ ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់ឱ្យបងប្អូនរស់នៅបានល្អប្រសើរ ជាប់ចិត្តនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។
ទំនុកតម្កើងលេខ ១៤៨ ,១-២.១១-១៤
១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
២ | ឱ! ពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
ទាំងពួកទេវតាកុំរេរង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមមករំខាន | ។ | |
អស់អ្នកដែលជឿងលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តទៅអើយ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,២១
អលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨– ៤២
កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។