អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ៨,១-៧.៩-១៣
គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ពន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឱ្យមកគាល់នៅក្នុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ពីបូរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូនមកព្រះដំណាក់។ ប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ អស់លោកព្រឹទ្ធាចារ្យនាំគ្នាមកដល់ ហើយអស់លោកបូជាចារ្យក៏លើកហិបសម្ពន្ធមេត្រីសែង។ អស់លោកបូជាចារ្យ និងពួកលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ូន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ ព្រះបាទសាឡូម៉ូន និសហគមន៍អ៊ីស្រាអែលទាំងមូល ដែលទ្រង់បានអញ្ជើញឱ្យមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនាមកថ្វាយជាយញ្ញបូជា។ បន្ទាប់មក បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែងដែលគេបំរុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីដ៏សក្ការៈបំផុតនៅក្រោមស្លាបរបស់សត្វខេរូប៊ីម។ ខេរូប៊ីមទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិបដើម្បីបាំងហិប និងឈើស្នែង។ នៅក្នុងហិបនោះ គ្មានអ្វីក្រៅពីថ្មពីរបន្ទះដែលលោកម៉ូសេបានតម្កល់ទុក កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីបនោះឡើយ។
កាលអស់លោកបូជាចារ្យចេញពីទីសក្ការៈមកវិញនោះ ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារតែពពកនេះ ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះអម្ចាស់សព្វព្រះហប្ញទ័យគង់ក្នុងពពកដ៏ក្រាស់! បពិត្រព្រះអម្ចាស់ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច»។
ទំនុកតម្កើងលេខ ១៣២(១៣១),១.២.៤.៥.៧-១០ បទព្រហ្មគីតិ
១ | ឱ! ព្រះម្ចាស់ឧត្តម | សូមនឹកចាំដល់ដាវីឌ | |
និងការដែលនឿយហត់ | របស់ព្រះរាជាផង | ។ | |
២ | ព្រះករុណាបានស្បថ | ជាកំណត់នឹងព្រះអង្គ | |
ទ្រង់បានសន្យាផង | ជាមួយព្រះយ៉ាកុបថា ៖ | ។ | |
៣ | “ទូលបង្គំមិនចូលជ្រក | ក្នុងជំរកព្រះពន្លា | |
មិនព្រមចូលនិន្រ្ទា | នៅលើគ្រែខ្ញុំឡើយណា | ។ | |
៥ | ដើម្បីថ្វាយព្រះម្ចាស់ | មានតេជៈខ្លាំងក្លាហាន | |
នៃលោកយ៉ាកុបថ្កាន | បើមិនបានខ្ញុំសោកា | ។ | |
៧ | ចូរយើងនាំគ្នីគ្នា | គ្រប់អង្គាចូលដំណាក់ | |
នៃព្រះជាអម្ចាស់ | ក្រាបទាបព្រះបាទទាថ្កើង | ។ | |
៨ | ឱ! ព្រះជាអម្ចាស់ | មេត្តាប្រោសសូមតើនឡើង | |
ជាមួយហឹបព្រះអង្គ | សូមយាងគង់រហូតទៅ | ។ | |
៩ | សូមឱ្យបូជាចារ្យ | គ្រប់ៗគ្នាកុំហ្មងសៅ | |
ធ្វើសុចរិតជាផ្លូវ | រាស្រ្តរស់នៅហ៊ោសប្បាយ | ។ | |
១០ | ដោយយល់ដល់ព្រះបាទ | នាមដាវីឌដ៏ស្រស់ស្រាយ | |
កុំចោលស្តេចនេះឡើយ | គឺទ្រង់ហើយបានអភិសេក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៥៣-៥៦
ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយគេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថា ព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។