អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី០៦ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦,១-២.៣-៨
នៅឆ្នាំដែលព្រះបាទអូស្យាសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅពីលើព្រះអង្គមាន ពពួកសេរ៉ាភីម។ សេរ៉ាភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល!។ ផែនដីទាំង មូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ ព្រះសូរសៀងរបស់ព្រះអង្គធ្វើ ឱ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះខ្ញុំលាន់ មាត់ថា៖«ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបាន ឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះសេរ៉ាភីមមួយ ហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង រួចយករងើក ភ្លើងនោះ មកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖«ដោយរងើកភ្លើងនេះប៉ះបបូរមាត់លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឱ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»។ បន្ទាប់ មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖«តើយើងនឹងចាត់អ្នក ណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំទូលឆ្លើយថា៖«ទូលបង្គំនៅ ទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!» ។
ទំនុកតម្កើងលេខ ១៣៨ (១៣៧),១-៥.៨ បទកាកគតិ
១ | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ដ | នៅមុខទេវតា |
ទូលបង្គំស្មូត្របទ | តម្កើងថ្វាយថ្វាត់ | ដល់ព្រះអង្គថ្លៃ | ។ | |
២ | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ | ខ្ញុំលើកតម្កើង |
ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | ស្មោះស្ម័គ្រឥតស្បើយ | ។ | |
៣ | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ | ព្រះអង្គប្រទាន |
ឥតមានកន្ដើយ | ឱ្យខ្ញុំបានស្បើយ | ក្នុងចិត្ដក្លាហាន | ។ | |
៤ | ឱ!ព្រះម្ចាស់អើយ | សូមទ្រង់ផ្ដល់ឱ្យ | ស្ដេចទាំងប៉ុន្មាន | នៅលើផែនដី |
នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | ឮទ្រង់សន្យា | ។ | |
៥ | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ | ថា«ព្រះអម្ចាស់ |
រុងរឿងអស្ចារ្យ | ឧត្ដមថ្លៃថ្លា | បំផុតគ្មានពីរ | ។ | |
៨ | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ | ព្រះអង្គប្រកប |
ដោយព្រះហឫទ័យ | ករុណាក្រៃ | ឥតបីបោះបង់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-១១ (ឬយ៉ាងខ្លី ១៥,១-៨.១១)
បងប្អូនជាទីស្រឡាញ់! ខ្ញុំសូមរំឭកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ បងប្អូនជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំ បានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូន នឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកពីជំនឿរបស់បងប្អូនមុខ តែឥតប្រយោជន៍។
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រីស្ដសោយ ទិវង្គតដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យតើនឡើងនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបាន បង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្ដទូតទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួនឱ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួល មរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ រួចឱ្យគ្រីស្ដទូតទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំ ដែលប្រៀបបី ដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ដ្បិតក្នុងចំណោមគ្រីស្ដទូតទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះ ជាគ្រីស្ដទូតទៀតផង ព្រោះខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់។ ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងគ្រីស្ដទូតទាំងនោះទៅទៀត ក៏ប៉ុន្ដែមិនមែនខ្ញុំទេ ដែលធ្វើការ គឺព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅជាមួយខ្ញុំទេតើ ដែលបានសម្រេចគ្រប់កិច្ចការ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះទៀត
ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីគ្រីស្ដទូតទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ជា ដំណឹងល្អដែលបងប្អូនបានជឿ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៩
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់ហៅ៖ «សូមអញ្ជើញមកតាមខ្ញុំ!។ ខ្ញុំនឹងធ្វើឱ្យអ្នកនេសាទមនុស្សវិញ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១-១១
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរ ចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មាន ព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ ហើយ អត់បានត្រីសោះ ប៉ុន្ដែបើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមកដល់ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោក ស៊ីម៉ូនឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូទូលព្រះអង្គថា៖«ឱ ព្រះអម្ចាស់អើយ! សូមយាងឱ្យឆ្ងាយ ពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែង ជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«កុំខ្លាចអី! អំណើះតទៅ អ្នកនឹងនេសាទមនុស្សវិញ»។
ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់អ្វីៗទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះ យេស៊ូទៅ។