អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី០៤ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៤៧,២-១១

ពេលថ្វាយយញ្ញបូជាមេត្រីភាព បូជាចារ្យតែងតែញែកចំណែកដ៏ល្អបំផុតដាក់ដោយឡែកយ៉ាងណា ព្រះជាម្ចាស់ក៏ញែកព្រះបាទដាវីឌ ដាក់ដោយឡែកពីចំណោមជនជាតិអ៊ីស្រាអែលយ៉ាងនោះដែរ។ លោកបង្ក្រាបសិង្ហ ដូចបង្រ្កាបកូនពពែ ហើយ​ចាប់ខ្លាឃ្មុំ ដូចចាប់កូនចៀម។ កាលនៅវ័យក្មេងនៅឡើយ លោកប្រហារជីវិតអ្នក​មានមាឌធំសម្បើម ហើយដកសេចក្តីអាម៉ាស់ចេញពីប្រជាជនអ៊ីស្រាអែល គឺលោកយក​ខ្សែដង្ហក់បាញក្រួស និងទម្លាក់កូលីយ៉ាតជាជនព្រហើន។ លោកអង្វរព្រះអម្ចាស់​ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ប្រទានកម្លាំងឱ្យលោក ដើម្បីប្រហារជីវិតទាហានដ៏ស្ទាត់ជំនាញ ព្រមទាំងផ្តល់កម្លាំងឱ្យប្រជាជនព្រះអង្គឡើយវិញ។ ហេតុនេះហើយអ្នកស្រុកលើកតម្កើងសិរីរុងរឿងរបស់លោក ហាក់ដូចជាបានប្រហារជីវិតខ្មាំងមួយម៉ឺននាក់។ គេក៏នាំគ្នាច្រៀងសរសើរលោក ទាំងលើកតម្កើងព្រះអម្ចាស់ដែរ ហើយគេជូន​មកុដដ៏រុងរឿង ឱ្យលោកផង។ ព្រះបាទដាវីឌកំទេចខ្មាំងសត្រូវនៅគ្រប់ទិសទីបំផ្លាញជនជាតិភីលិស្ទីន ជាបច្ចាមិត្ត ហើយកម្ទេចកម្លាំងរបស់គេរហូតមកដល់សព្វថ្ងៃ។ ក្នុង​គ្រប់កិច្ចការដែលស្តេចប្រព្រឹត្ត ទ្រង់តែងតែសរសើរព្រះដ៏វិសុទ្ធ និងដ៏ខ្ពង់ខ្ពស់បំផុតដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ ទ្រង់តែងតែស្មូត្រទំនុកតម្កើងដោយស្មោះអស់ពីចិត្ត ហើយស្រឡាញ់ព្រះជាម្ចាស់ដែលបង្កើតលោក។ ទ្រង់តែងតាំងក្រុមអ្នកចម្រៀងឱ្យច្រៀងយ៉ាងពីរោះ នៅមុខអាសនៈ ធ្វើឱ្យពិធីបុណ្យនានាកាន់តែអធិកអធម ដើម្បីឱ្យប្រជាជនច្រៀងចម្រៀងសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអម្ចាស់លាន់ឮរំពងក្នុងទីសក្ការៈតាំងពីព្រលឹម។ ព្រះអម្ចាស់លើកលែងទោសឱ្យព្រះបាទដាវីឌហើយពង្រឹងអំណាចរបស់ព្រះរាជាជារៀងរហូត។ ព្រះអង្គចងសម្ពន្ធមេត្រីជាមួយ​ព្រះបាទដាវីឌ ក្នុងឋានៈជាព្រះមហាក្សត្រ ហើយប្រទានរាជបល្ល័ង្គ ប្រកបដោយសិរី​រុងរឿង នៅស្រុកអ៊ីស្រាអែលដែរ។

ទំនុកតម្កើងលេខ ១៨ (១៧),៣១.៣៣.៤៧.៥០-៥១ បទព្រហ្មគីតិ

៣១មាគ៌ាព្រះអម្ចាស់សែនល្អល្អះច្បាស់យល់យង់
បន្ទូលពិតទាំងស្រុងជាខែលរងរាំងការពារ
៣៣ទ្រង់ប្រទានកម្លាំងឱ្យខ្ញុំខ្លាំងក្លាឥតមោះ
មាគ៌ាខ្ញុំទាំងអស់ឥតមានទាស់សោះឡើយណា
៤៧ជយោ! ព្រះជាម្ចាស់ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រកយើងរត់រកការសង្រ្គោះ
៥០ហេតុនេះទូលបង្គំសូមប្រណមអង្គក្សត្រា
កណ្តាលសាសន៍នានាលើកនាមាព្រះអង្គថ្លៃ
៥១ព្រះអង្គប្រោសឱ្យអ្នកដែលទ្រង់ស្ម័គ្រឱ្យមានជ័យ
ជំនះយ៉ាងប្រពៃដែលល្បាញល្បីដ៏អស្ចារ្យ
ទ្រង់មានហប្ញទ័យស្មោះស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសាទាំងវង្សាស្តេចដាវីឌ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុខភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១៤-២៩

ព្រះបាទហេរ៉ូដបានព្ញគេនិយាយអំពីព្រះយេស៊ូ ដ្បិតព្រះកិត្តិនាមរបស់ព្រះអង្គបានល្បីខ្ចរខ្ចាយ។ មានគេនិយាយថា៖«លោកយ៉ូហានបាទីស្តបានរស់ឡើយវិញ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យ»។ អ្នកខ្លះថា៖ «លោកជាព្យាការី​អេលី»។ ហើយខ្លះទៀតថា៖«លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីសម័យដើមដែរ» ។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងឱ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើង​វិញហើយ»។

ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់ យកទៅឃុំឃាំងដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជ មកធ្វើជាមហេសីឡើយ»។ ព្រះនាង​ហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។

មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំ ពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្រ្តី មេទ័ព និងនាម៉ឺនធំៗក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងចូលមករាំ ធ្វើឱ្យស្តេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖«បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឱ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖«អ្វីក៏ដោយដែលនាងសុំពីយើង យើងនឹងឱ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅទូលសួរមាតាថា៖«តើខ្ញុំម្ចាស់ត្រូវសុំអ្វី»។ មាតាឆ្លើយថា៖«ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្តេចវិញភ្លាម ហើយទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសឥឡូវនេះ!»។ ស្តេចព្រួយក្នុងព្រះហប្ញទ័យក្រៃលែង តែទ្រង់មិនហ៊ានបដិសេដឡើយព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ទ្រង់បញ្ជាទាហានម្នាក់ឱ្យទៅយក ក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុក កាត់កលោកយ៉ូហាន យកក្បាលដាក់ លើថាសមួយ មកប្រគល់ឱ្យនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់​លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។





















294 Views

Theme: Overlay by Kaira