ថ្ងៃសៅរ៍ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក
សន្តយ៉ូហាន បូស្កូជាបូជាចារ្យ
សូមចុចទីនេះ
លោកយ៉ូហានបូស្កូ (១៨១៥-១៨៨៨) កើតនៅឆ្នាំ១៨១៥ ក្នុងក្រុងទូរីណូ (ប្រទេសអ៊ីតាលី)។ អស់មួយជីវិត លោកយកចិត្តទុកដាក់អប់រំយុវជនក្រីក្រក្នុងក្រុងនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ដើម្បីជួយអប់រំយុវជនយុវនារីក្នុងពិភពលោកទាំងមូល។ លោកទទួលមរណភាពនៅឆ្នាំ ១៨៨៨ ។
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១២,១-៧.១០-១៧
ព្រះអម្ចាស់ចាត់ព្យាការីណាថាន ឱ្យទៅគាល់ព្រះបាទដាវីឌ។ លោកណាថានចូលទៅគាល់ស្តេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។ សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។ រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់ទិញមក។ គាត់ចិញ្ជឹមវា ហើយ វាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាដូចជាកូនស្រីរបស់គាត់។ ថ្ងៃមួយ មានអ្នកដំណើរម្នាក់មកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រមកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។ ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖«យើងសូមស្បថក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្ដដូច្នេះ ត្រូវតែទទួលទោសដល់ជីវិត។ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖«គឺព្រះករុណាហើយដែលប្រព្រឹត្តដូច្នេះ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «តាំងពីពេលនេះតទៅនៅក្នុងគ្រួសាររបស់អ្នក តែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើងាយយើង ដោយយកប្រពន្ធរបស់អ៊ូរីជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងធ្វើឱ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក យើងនឹងយកស្ត្រីស្នំ ទាំងប៉ុន្មានរបស់អ្នក ប្រគល់ឱ្យមនុស្សម្នាក់ដែលជាសាច់ឈាមរបស់អ្នក ហើយគេនឹងរួមដំណេកជាមួយស្រ្តីទាំងនោះ នៅកណ្តាលវាលចំពោះមុខអ្នកផង។ អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើងវិញយើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញ នៅកណ្តាលវាល ឱ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។ ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឱ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឱ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។ បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។
ព្រះអម្ចាស់ធ្វើឱ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។ ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឱ្យកូននោះ ទាំងតមអាហារ ហើយកាលទ្រង់យាងចូលក្រឡាបន្ទំ ទ្រង់ផ្ទំផ្ទាល់នឹងដី។ ពួកចាស់ទុំនៅក្នុងតំណាក់ទទូចសូមឱ្យស្តេចឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។
ទំនុកតម្កើងលេខ ៥១ (៥០),១២-១៧ បទពាក្យ ៧
| ១២. | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ |
| ១៣. | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ |
| ១៤. | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ |
| ១៥. | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
| ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ |
| ១៦. | ឱព្រះជាម្ចាស់ព្រះសង្រ្គោះ | សូមជួយរំដោះខ្ញុំពីស្លាប់ | |
| ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ | សុចរិតគួរគាប់នៃព្រះអង្គ | ។ |
| ១៧. | ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរ | ជួយខ្ញុំបន្លឺសំឡេងផង | |
| ខ្ញុំនឹងប្រកាសឱ្យរំពង | ពាក្យលើកតម្កើងទ្រង់ឥតភ្លេច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់បង្រ្កាបខ្យល់ និងសមុទ្រ ព្រះអង្គគ្រងរាជ្យលើមហាសមុទ្រផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,៣៥-៤១
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាអស់មួយថ្ងៃទៅកាន់បណ្តាជន។ លុះដល់ល្ងាច ព្រះអង្គមាន្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ក្រុមសាវ័កក៏ចេញពីបណ្តាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្តាលឱ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយនៅកន្សៃងទូក។ ក្រុមសាវ័កដាស់ព្រះអង្គថា៖ «លោកគ្រូ! យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង ហើយមានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកំសាកដូច្នេះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិទៅមកថា៖ «តើលោកនេះជានរណា បានជាខ្យល់ព្យុះនិងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ?»។
920 Views
Post Views:
958