អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៨ ខែ
មករា
ពណ៌បៃតង
បុណ្យរម្លឹក

សន្តថូមាស់អគីណូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកថូម៉ាស(១២២៥- ១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦​ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូ ដែលទើបនឹងកើតឡើង។ ញាតិសន្តាន​របស់​លោក​មិន​ព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោក នាំចេញពីអារាមថែមទៀតផង។ ទោះ​ជា​យ៉ាង​នេះក៏​ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេស​អា​ល្លឺ​ម៉ង់​) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុង​រ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជា លោកអរីស្តូត និង​លោក​ប្លាតុងមករិះគិត។

លោកបានសរសេរសៀវភៅជាច្រើនក្បាល ដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧ ,៧-១០.១៥-១៦

ហេតុ​នេះ ខ្ញុំ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឱ្យមាន​សុភ‌និច្ឆ័យ។ ខ្ញុំ​ទូល​សូម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឱ្យ​ខ្ញុំ​មាន​គំនិត​នៃ​ព្រះ‌ប្រាជ្ញា​ញាណ។ ខ្ញុំ​យល់​ឃើញ​ថា មាន​ព្រះ‌ប្រាជ្ញា​ញាណ ប្រសើរ​ជាង​មាន​រាជ​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង​ទៅ​ទៀត។ បើ​ប្រៀប​នឹង​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​ចាត់​ទុក​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថា​គ្មាន​តម្លៃ។ សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ក៏​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ បើ​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ មាស​ទាំង​អស់​ក្នុង​ពិភព‌លោក​ទាំង​មូល ប្រៀប​បី​ដូច​ជា​ខ្សាច់​មួយ​ក្តាប់​តូច ហើយ​ប្រាក់​ក៏​ប្រៀប​ដូច​ជា​ភក់​ដែរ។ ខ្ញុំ​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ​ជាង​ស្រឡាញ់​សុខភាព​ល្អ និង​សម្ផស្ស​ទៅ​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​យក​ព្រះ‌ប្រាជ្ញា​ញាណ ធ្វើ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ព្រះ‌ប្រាជ្ញា​ញាណ​មិន​ចេះ​ស្រអាប់​ឡើយ។ សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទានឱ្យខ្ញុំ​ចេះ​និយាយ​ប្រកប​ដោយ​វិចារណ‌ញ្ញាណ និង​ចេះ​គិត​សម​តាម​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​មគ្គុទ្ទេសក៍​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​តម្រង់​ផ្លូវ​អ្នក​ប្រាជ្ញ ព្រះ‌អង្គ​ជាម្ចាស់​របស់​យើង​ទាំង​អស់​គ្នា ហើយ​ជា​ម្ចាស់​លើ​ពាក្យ​សម្ដី ចិត្ត​គំនិត និង​ចំណេះ​ឯក‌ទេស​របស់​យើង។

ទំនុកតម្កើងលេខ ១៩(១៨),៨-១១ បទពាក្យ ៧

៨.ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កានផ្តល់កម្លាំងចិត្ត
ឥតមានស្រាកស្រាន្តអ្នកល្ងង់ប្រែប្រាណជាមានប្រាជ្ញា
៩.បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យាឱ្យចិត្តអំណរ
សប្បាយក្រៃណាបំភ្លឺចិន្តាថ្លៃថ្លាត្រចង់
១០.ការគោរពកោតព្រះអម្ចាស់លោតវិសេសយល់យង់ស្ថិតស្ថេចិរកាល
តទៅគង់វង្សការវិនិច្ឆ័យទ្រង់ក៏ត្រង់ត្រឹមត្រូវ
១១.គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅផ្អែមជាងទឹកឃ្មុំ
ខែចែត្រខែក្តៅហូរជោរចេញទៅចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  មថ ២៣,៨–១២

 រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឱ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង‌ប្អូន​នឹង​គ្នា។ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នេះ​ថា “ព្រះ‌បិតា” ឱ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌បិតា” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ កុំឱ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​ “មគ្គទេសក៍”​ ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រីស្ដ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឱ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

562 Views

Theme: Overlay by Kaira