ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ៧,១៨-១៩.២៤-២៩
ព្យាការីណាថានទូលព្រះបាទដាវីឌនូវព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិតព្រះជាអម្ចាស់! តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឱ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?។ ប៉ុន្តែ ព្រះអង្គឈ្វេងយល់ថា ការនេះតិចតួចទេបានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!។ បពិត្រព្រះអម្ចាស់! ព្រះអង្គបានពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីឱ្យគេធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ រហូតតរៀងទៅព្រះអង្គក៏ធ្វើជាព្រះរបស់គេទៀត។ បពិត្រព្រះជាអម្ចាស់! ឥឡូវនេះ សូមឱ្យព្រះបន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំនិងកូនចៅទូលបង្គំ បាននៅស្ថិតស្ថេររហូតតរៀងទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលនេះផង!។ សូមឱ្យព្រះនាមរបស់ព្រះអង្គរុងរឿងឧត្តុងឧត្តមជានិច្ច សូមឱ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឱ្យពូជពង្សរបស់ទូលបង្គំបាននៅស្ថិតស្ថេររហូតរៀងទៅផង។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឱ្យទូលបង្គំដឹងអំពីគម្រោងការដែលព្រះអង្គសព្វព្រះហប្ញទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឱ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយ បានជាទូលបង្គំមានចិត្តក្លាហានទូលអង្វរដូចតទៅ៖ បពិត្រព្រះជាអម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូល សុទ្ធតែពិត! ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូសន្យាប្រទានសុភមង្គលមកទូលបង្គំ។ ដូច្នេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឱ្យគេបានស្ថិតស្ថេរ នៅចំពោះព្រះភក្រ្តរបស់ព្រះអង្គតរៀងទៅ។ ឱព្រះជាអម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! នោះពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។
ទំនុកតម្កើងលេខ ១៣២ (១៣១),១-៥.១១-១៤ បទព្រហ្មគតិ
| ១. | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយសូមនឹកដល់ | |
| ដាវីឌសែនខ្វាយខ្វល់ | នឿយហត់ជ្រុលគ្រប់កិច្ចការ | ។ |
| ២. | ព្រះរាជាបានស្បថ | ជាកំណត់ទ្រង់សន្យា | |
| ព្រះដ៏មានចេស្តា | នៃលោកយ៉ាកុបគ្រប់គ្នា | ។ |
| ៣. | ថាខ្ញុំមិនចូលជ្រក | ក្នុងជំរកព្រះពន្លា | |
| មិនព្រមចូលនិន្រ្ទា | លើគ្រែគ្រានេះឡើយណា | ។ |
| ៤. | ខ្ញុំមិនព្រមបិទភ្នែក | មិនព្រមដេកលង់នេត្រា | |
| ដរាបខ្ញុំនេះណា | ចាត់ចែងការថ្វាយមិនបាន | ។ |
| ៥. | គឺព្រះតំណាក់ជ័យ | ថ្វាយក្សត្រថ្លៃខ្លាំងក្លាហាន | |
| ព្រះយ៉ាកុបថ្កើងថ្កាន | បើមិនបានខ្ញុំសោកា | ។ |
| ១១. | ព្រះអង្គបានសន្យា | នឹងស្តេចដាវីឌល្អឯក | |
| យើងនឹងតែងតាំងពូជ | ឱ្យគ្រងរាជ្យជាបន្ត | ។ |
| ១២. | ប្រសិនបើបុត្រអ្នក | កាន់បានជាក់សម្ព័ន្ធល្អ | |
| មេត្រីយើងតៗ | គ្រប់តំណយើងប្រដៅ | ។ |
| នោះពូជគេនឹងបាន | ល្អថ្កើងថ្កានមិនអាស្រូវ | |
| ឡើងគ្រងរាជ្យតទៅ | តកូនចៅឥតស្រាកស្រាន្ត | ។ |
| ១៣. | ព្រះអម្ចាស់បានជ្រើស | ពិនិត្យរើសក្រុងថ្កើងថ្កាន | |
| ជាទីល្អចំណាន | ស៊ីយ៉ូនបានជាលំនៅ | ។ |
| ១៤. | យើងនឹងស្នាក់សម្រាក | មួយរយៈមិនចេញទៅ | |
| ចង់រស់ស្នាក់និត្យនៅ | មិនចេញទៅកន្លែងណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ពិតជាពន្លឺបំភ្លឺត្រចង់ ជីវិតផូរផង់ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២១-២៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«គេមិនដែលអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែងឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះសូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្តីដែលអ្នករាល់គ្នាស្តាប់នេះឱ្យមែនទែន! ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
900 Views
Post Views:
920