អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌បៃតង
ធម្មតា

ឬសន្តីអង់ហ្សែល មេរីស៊ី ជាព្រហ្មចារិនី

នាងអង់សែល (ប្រ. ១៤៧០-១៥៤០) ជាគ្រីស្តបរិស័ទម្នាក់រស់នៅស្រុកអ៊ីតាលី។ នាង​យ​ក​ចិត្តទុកដាក់អប់រំស្ត្រីៗ ឱ្យប្រតិបត្តិតាមដំណឹងល្អរបស់ព្រះយេស៊ូ នៅក្នុងរង្វង់គ្រួសាររបស់ខ្លួន។ នាងបង្កើត​ក្រុមគ្រួសារបព្វជិកាមួយ សម្រាប់អប់រំយុវនារីដោយចិត្តស្រឡាញ់។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ៧,១៨-១៩.២៤-២៩

ព្យាការីណាថានទូលព្រះបាទដាវីឌនូវព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពេល​នោះ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិតព្រះជាអម្ចាស់! តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឱ្យទូលបង្គំ​ទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?។ ប៉ុន្តែ ព្រះអង្គឈ្វេងយល់ថា ការនេះតិចតួចទេ​​បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀប​ដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!។ បពិត្រព្រះអម្ចាស់! ព្រះអង្គបាន​ពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីឱ្យគេធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ រហូតតរៀងទៅព្រះអង្គក៏ធ្វើជាព្រះរបស់គេទៀត។ បពិត្រព្រះជាអម្ចាស់! ឥឡូវនេះ សូមឱ្យព្រះ​បន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំនិងកូនចៅទូលបង្គំ បាននៅស្ថិតស្ថេររហូត​តរៀងទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលនេះផង!។ សូមឱ្យព្រះនាមរបស់ព្រះអង្គ​រុងរឿងឧត្តុងឧត្តមជានិច្ច សូមឱ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឱ្យពូជពង្សរបស់ទូលបង្គំបាននៅស្ថិតស្ថេររហូតរៀងទៅផង។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់​ជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឱ្យទូលបង្គំដឹងអំពីគម្រោងការដែលព្រះអង្គសព្វព្រះហប្ញទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឱ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយ បានជាទូលបង្គំមានចិត្តក្លាហានទូលអង្វរដូចតទៅ៖ បពិត្រព្រះជា​អម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូល សុទ្ធតែពិត! ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូសន្យាប្រទានសុភមង្គលមក​ទូលបង្គំ។ ដូច្នេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឱ្យគេបាន​ស្ថិតស្ថេរ នៅចំពោះព្រះភក្រ្តរបស់ព្រះអង្គតរៀងទៅ។ ឱព្រះជាអម្ចាស់អើយ! សូម​ប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! នោះ​ពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។

ទំនុកតម្កើងលេខ ១៣២ (១៣១),១-៥.១១-១៤ បទព្រហ្មគតិ

១.ឱ! ព្រះអម្ចាស់អើយកុំកន្តើយសូមនឹកដល់
ដាវីឌសែនខ្វាយខ្វល់នឿយហត់ជ្រុលគ្រប់កិច្ចការ
២.ព្រះរាជាបានស្បថជាកំណត់ទ្រង់សន្យា
ព្រះដ៏មានចេស្តានៃលោកយ៉ាកុបគ្រប់គ្នា
៣.ថាខ្ញុំមិនចូលជ្រកក្នុងជំរកព្រះពន្លា
មិនព្រមចូលនិន្រ្ទាលើគ្រែគ្រានេះឡើយណា
៤.ខ្ញុំមិនព្រមបិទភ្នែកមិនព្រមដេកលង់នេត្រា
ដរាបខ្ញុំនេះណាចាត់ចែងការថ្វាយមិនបាន
៥.គឺព្រះតំណាក់ជ័យថ្វាយក្សត្រថ្លៃខ្លាំងក្លាហាន
ព្រះយ៉ាកុបថ្កើងថ្កានបើមិនបានខ្ញុំសោកា
១១.ព្រះអង្គបានសន្យានឹងស្តេចដាវីឌល្អឯក
យើងនឹងតែងតាំងពូជឱ្យគ្រងរាជ្យជាបន្ត
១២.ប្រសិនបើបុត្រអ្នកកាន់បានជាក់សម្ព័ន្ធល្អ
មេត្រីយើងតៗគ្រប់តំណយើងប្រដៅ
នោះពូជគេនឹងបានល្អថ្កើងថ្កានមិនអាស្រូវ
ឡើងគ្រងរាជ្យតទៅតកូនចៅឥតស្រាកស្រាន្ត
១៣.ព្រះអម្ចាស់បានជ្រើសពិនិត្យរើសក្រុងថ្កើងថ្កាន
ជាទីល្អចំណានស៊ីយ៉ូនបានជាលំនៅ
១៤.យើងនឹងស្នាក់សម្រាកមួយរយៈមិនចេញទៅ
ចង់រស់ស្នាក់និត្យនៅមិនចេញទៅកន្លែងណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,១០៥

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់​ពិតជាពន្លឺបំភ្លឺត្រចង់ ជីវិតផូរផង់ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២១-២៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«គេមិនដែលអុជចង្កៀង ហើយ​​យកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែងឡើយ។ គេតែងយកចង្កៀងទៅដាក់​លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះសូម​យកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្តីដែលអ្នករាល់គ្នាស្តាប់នេះឱ្យមែនទែន! ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ​ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែល​គ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។

479 Views

Theme: Overlay by Kaira