អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៥ ខែមករា
ពណ៌ស
បុណ្យប្រារព្ធ
សន្តប៉ូលជាគ្រីស្តទូត ប្រែចិត្តគំនិត
ជឿលើព្រះយេស៊ូ
ប្រហែលនៅ គ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចងគ្រីស្តបរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះគ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺព្រះអង្គជាព្រះសង្គ្រោះទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួមមនុស្សទាំងអស់ឱ្យទៅជាធ្លុងតែមួយដែរ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣-១៦
លោកប៉ូលមានប្រសាសន៍ដោះសារខ្លួននៅចំពោះជនជាតិយូដាថា៖ “ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតាសុសក្នុងស្រុក ស៊ីលីស៊ី។ ប៉ុន្តែ ខ្ញុំមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយបានទទួលការអប់រំតាមធម្មវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹង ពីសំណាក់លោកកាម៉ាលីអែល។ ខ្ញុំខ្នះខ្នែងបម្រើព្រះជាម្ចាស់ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលកាន់តាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង ដូចមានលោកមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យជាសាក្សីស្រាប់។ ខ្ញុំទទួលលិខិតពីលោកទាំងនោះ យកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំនៅទីនោះ ដើម្បីចាប់ចងពួកអ្នកដែលកាន់តាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម ។
ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា ៖”សាអ៊ូល! សាអ៊ូល! ហេតុដូចម្តេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ ?” ។ ខ្ញុំសួរវិញថា ៖”លោកម្ចាស់អើយ! តើលោកជានរណា?“។ សម្លេងនោះឆ្លើយមកខ្ញុំថា៖ “ខ្ញុំជាយេស៊ូ ជាអ្នកស្រុកណាសារ៉ែតដែលអ្នកកំពុងតែបៀតបៀន”។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំក៏ឃើញពន្លឺនោះដែរ តែមិនឮព្រះសូរសៀងទេ។ ខ្ញុំក៏សួរថា៖ “ព្រះអម្ចាស់អើយ! តើទូលបង្គំត្រូវធ្វើដូចម្តេច?” ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះគេនឹងប្រាប់អ្នកអំពី កិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បង្គាប់ឱ្យអ្នកធ្វើ”។ ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ នៅក្រុងនោះមានបុរសម្នាក់ឈ្មោះ អាណាញ៉ាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ត្រឹមត្រូវតាមធម្មវិន័យ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។ គាត់មកឈរជិតខ្ញុំ ហើយពោលថា៖ “បងសាអ៊ូល! សូមឱ្យបងមើលឃើញវិញចុះ”។ រំពេចនោះ ភ្នែកខ្ញុំភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ គាត់មានប្រសាសន៍ថា៖ ព្រះនៃបុព្វបុរសរបស់យើងបានជ្រើសរើសបង ដើម្បីឱ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ឱ្យបងបានឃើញព្រះដ៏សុចរិត និងឱ្យបងឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្តង ដ្បិតបងនឹងធ្វើជាសាក្សីរបស់ព្រះអង្គនៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្តីដែលបងបានឮ។ ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត? សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វរព្រះនាមព្រះអង្គទៅ ដើម្បីឱ្យព្រះអង្គលាងបាបឱ្យ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩, ១-២២
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សាវ័ករបស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្តី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។ នៅក្រុងដាម៉ាស មានសាវ័កមួយរូប ឈ្មោះអាណាញ៉ាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាញ៉ាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតារសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន ហើយនិមិត្តឃើញបុរសម្នាក់ ឈ្មោះអាណាញ៉ាសចូលមកដាក់ដៃលើគាត់ ដើម្បីឱ្យគាត់មើលឃើញឡើងវិញ»។ លោកអាណាញ៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឱ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឱ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែល ឱ្យស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឱ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ លោកអាណាញ៉ាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមក ដើម្បីឱ្យបងអាចមើលឃើញឡើងវិញ និងឱ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក។បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយពួកសាវ័ក ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។ លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំនានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យទេតើ!»។ រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ។
ទំនុកតម្កើងលេខ ១១៧ ( ១១៦ ) បទពាក្យ ៧
១. | ឱ! ប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកម្កើង | |
អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២. | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥ ,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីក្នុងចំណោមមនុស្សលោក
ដើម្បីឱ្យអ្នករាល់គ្នាទៅ និងបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ” អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-១៨
ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង មានព្រះបន្ទូលទៅកាន់គ្រីស្តទូតដប់មួយនាក់ថា៖ « ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿននឹងត្រូវទទួលទោស។ អស់អ្នកដែលជឿ នឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុលក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ »។