អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៤ ខែមករា
ពណ៌ស
បុណ្យរម្លឹក
សន្តហ្វ្រង់ស្វ័រ នៅសាលជាអភិបាល
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍
លោកហ្វ្រង់ស្វ័រកើតនៅឆ្នាំ ( ១៥៦៧-១៦២២ ) ក្នុងគ្រួសារត្រកូលខ្ពស់មួយ នៅភូមិសាល ក្នុងស្រុកសាវ័រ ( ប្រទេសបារាំងសព្វថ្ងៃ )។ លោកយកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និងប្រូតេស្តង់ដែលបាក់បែកគ្នា។ កាលលោកអាយុ ៣៥ ឆ្នាំ លោកទទួលបន្ទុកជាអភិបាលព្រះសហគមន៍ក្រុង សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំក្រុមបូជាចារ្យ។ នៅឆ្នាំ ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែលទៅសួរសុខទុក្ខនាងអេលីសាបិត” ។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបានក្រេបជញ្ជក់ពីគោលគំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិខិតដែលមានខ្លឹមសារខាងគ្រីស្តសាសនាជាច្រើនផង។
សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,៣-៩
អ៊ីស្រាអែលអើយ ចូរស្ដាប់វិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឱ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យាជាមួយអ្នក។ អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឱ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។ ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
ទំនុកតម្កើងលេខ ១១២( ១១១ ),១-៩ បទពាក្យ ៧
១. | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
២. | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
៣. | ក្នុងផ្ទះជនដែលមានចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
៤. | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
៥. | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរករស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦. | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
៧. | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
៨. | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ | |
៩. | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ២ ធម ១,១០
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៥–៣០
នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។