អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌បៃតង
ធម្មតា
ឬសន្តវ៉ាំងសង់ ជាឧបដ្ឋាក
និងជាមរណសាក្សី
លោកវ៉ាំងសង់ ជាជនជាតិអេស្ប៉ាញម្នាក់។ ជនពាលធ្វើទុក្ខបុកម្នេញលោកយ៉ាងខ្លាំង និងប្រហារជីវិតលោកនៅឆ្នាំ ៣០៤។ តាមភាសាអេស្ប៉ាញឈ្មោះ ” វ៉ាំងសង់ “មានន័យថា” អ្នកដែលមានជ័យជំនះ “។ សន្តៈអូគូស្តាំងបានចែងថា៖ “ដោយលោកវ៉ាំងសង់មានជំនឿ លោកមានជ័យជំនះរួមជាមួយព្រះគ្រីស្តដែលបានឈ្នះពិភពលោក”។
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១,១-៤.១១-១២.១៩.២៣-២៧
កាលព្រះបាទសាអ៊ូលសោយទិវង្គតផុតទៅ ដោកដាវីឌវាយឈ្នះជនជាតិអាម៉ាឡេក ហើយវិលត្រឡប់មកក្រុងស៊ីឡាក់វិញ លោកក៏ស្នាក់នៅក្រុងនោះពីរថ្ងៃ។ នៅថ្ងៃទីបីមានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសាអូ៊ល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាលជាសញ្ញាកាន់ទុក្ខ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។ លោកដាវីឌសួរថា៖« អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទភៀកខ្លួនចេញពីជំរំអ៊ីស្រាអែល»។ លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖«ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយនៅពេលប្រយុទ្ធ ហើយទាហានជាច្រើនស្លាប់ សូម្បីតែព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ លោកដាវីឌចាប់ហែកសម្លៀកបំពាក់របស់លោក អស់អ្នកដែលនៅជាមួយលោក ដ៏ធ្វើដូចលោកដែរ។ ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ព្រះបាទសាអ៊ូល សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលដែលបានបូជាជីវិតនៅលើសមរភូមិ។
លោកដាវីឌស្មូតពាក្យទំនួញដូចតទៅ៖ «អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវិរជនរបស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាទាហានដ៏ខ្លាំងត្រូវបាត់បងជីវិតដូច្នេះ? ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឱ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់គឺរស់ជាមួយគ្នា ហើយពេលសោយទីវង្គតក៏សោយទីវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចឥន្រ្តី ហើយខ្លាំងដូចសិង្ហ។ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ ចូរយំស្រណោះព្រះបាទសាអ៊ូលទៅ ព្រោះទ្រង់តែងប្រទានឱ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿង ត្រចះត្រចង់ព្រមទាំងមានរំយោលមាសទៀតផង។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?។ ហេតុអ្វីបានជាសម្តេចយ៉ូណាថានត្រូវខ្មាំងវាយប្រហារនៅលើកំពូលភ្នំដូច្នេះ?។ បងយ៉ូណាថានអើយ! ខ្ញុំឈឺចុកចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង បងមានតម្លៃសម្រាប់ខ្ញុំណាស់ សេចក្តីស្រឡាញ់របស់បង ប្រសើរជាងសេចក្តីស្រលាញ់របស់ស្រីៗទៅទៀត។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាវីរបុរសដ៏ឆ្នើមត្រូវិនាសអន្តរាយអស់ដូច្នេះ?»។
ទំនុកតម្កើងលេខ ៨០ (៧៩),២-៣.៥-៧) បទព្រហ្មគីតិ
២. | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី | ។ | |
៣. | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
៥. | បពិត្រព្រះជាម្ចាស់ | ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ | |
ខ្ពស់ហួសព្រះទាំងឡាយ | ម្តេចមិនស្រាយពិរោធចេញ | ។ | |
៦. | មេ្តចទ្រង់មកដាក់ទោស | ចាប់កំហុសយើងទៅវិញ | |
ឱ្យទឹកភ្នែកហូរចេញ | ដូចគង្គាមិនចេះចប់ | ។ | |
៧. | ទ្រង់ធ្វើឱ្យប្រជា | ជិតខាងគ្នាឈ្លោះសំអប់ | |
ដណ្តើមមិនចេះស្កប់ | យកទឹកដីរបស់យើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២០-២១
ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ ។