អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌បៃតង
ធម្មតា
ឬសន្តហ្វាប៊ីយុាំង ឬសន្តសេបាស្យាំង
ជាមរណសាក្សី
នៅឆ្នាំ ២៣៦ គ្រីស្តបរិស័ទក្រុងរ៉ូមបានបោះឆ្នោតតែងតាំងលោកហ្វាប៊ីយុំាង ឱ្យបំពេញមុខងារជាអភិបាលព្រះហគមន៍ក្រុងរ៉ូម។ នៅឆ្នាំ ២៥០ នាមឌែស បៀតបៀនធ្វើបាបគ្រីស្តបរិស័ទ ហើយប្រហារជីវិតលោក ។
លោកសេបាស្យុំាង ជានាយទានហានរ៉ូមុំាងដែលជឿលើព្រះគ្រីស្ត។ នៅពេលព្រះចៅអធិរាជ ឌីយូក្លេស៊ីយ៉ាងចាប់ចង់គ្រីស្តបរិស័ទយកទៅប្រហារជីវិត លោកតែងជួយលើកទឹកចិត្តគេ។ ប្រហែលនៅឆ្នាំ ៣០០ រដ្ឋអំណាចចាប់លោកទៅសម្លាប់ចោល ដោយចោទថា លោកជាគ្រីស្តបរិស័ទដែរ ។
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៨;៦-៩,១៩,១-៧
ក្រោយពេលលោកដាវីឌបានប្រហារកូលីយ៉ាតហើយ ស្រ្តីៗនៅគ្រប់ក្រុង ក្នុងស្រុងអ៊ីស្រាអែល ចេញទៅទទួលព្រះបាទសាអ៊ូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងភ្លេង ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្រ្តីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះបាទសាអ៊ូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនោះ ធ្វើឱ្យព្រះបាទសាអ៊ូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញ ត្រឹមតែរាប់
ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមកព្រះបាទសាអ៊ូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
ព្រះបាទសាអ៊ូលប្រាប់សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្រ្តីពីបំណងដែលទ្រង់ចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្តេចយ៉ូណាថានស្រឡាញ់លោកដាវីឌណាស់។ សម្តេចយ៉ូណាថានក៏នាំដំណឹងទៅប្រាប់លោកដាវីឌថា៖«ព្រះបាទសាអ៊ូលជាបិតារបស់ខ្ញុំមានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ ខ្ញុំនឹចេញមកជាមួយបិតាខ្ញុំ ជិតកន្លែងដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងបិតាហើយ ខ្ញុំនឹងប្រាប់ឱ្យលោកប្អូនដឹងដែរ»។ សម្តេចយ៉ូណាថានទូលព្រះបាទសាអ៊ូលជាបិតាអំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គអី ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើសុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនជាតិភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុត ដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញនិងសប្បាយព្រះហប្ញទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាបដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌដោយគ្មានមូលហេតុដូច្នេះ?»។ ព្រះបាទសាអ៊ូលទ្រង់ព្រះសណ្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថាដាវីឌមិនត្រូវស្លាប់ឡើយ!»។ បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅលោកដាវីឌមកហើយរៀបរាប់សេចក្តីទាំងនោះប្រាប់លោក នាំលោកចូលមកគាល់ព្រះបាទសាអ៊ូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសាអ៊ូលដូចពីដើម។
ទំនុកតម្កើងលេខ ៥៦ (៥៥),២-៣.៧.៩-១២.១៤ បទព្រហ្មគីតិ
២. | ឱព្រះម្ចាស់ថ្លាថ្លៃ | សូមប្រណីហើយមេត្តា | |
មនុស្សច្រើនណាស់ណា | វាយប្រហារទូលបង្គំ | ។ | |
៣. | ជារៀងរាល់ខែឆ្នាំ | សត្រូវចាំងចងគំនុំ | |
ដេញវាយប្រហារខ្ញុំ | ធ្វើប្ញកធំមកប្រយុទ្ធ | ។ | |
៧. | គេឃ្លាំចាំតាមដាន | មិនដែលខានរាល់វេលា | |
រកឱកាសផ្តន្ទា | ចង់ប្រហារខ្ញុំឱ្យក្ស័យ | ។ | |
៩. | ព្រះអង្គជ្រាបយ៉ាងច្បាស់ | ខ្ញុំរងទោសទុក្ខឥតស្បើយ | |
ទ្រង់ជ្រាបមិនកន្តើយ | ទឹកភ្នែកខ្ញុំរាល់វេលា | ។ | |
១០. | ថ្ងៃខ្ញុំស្រែករកព្រះ | ជាអម្ចាស់លើលោកា | |
សត្រូវថយគ្រប់គ្នា | ខ្ញុំដឹងថាព្រះជួយខ្ញុំ | ។ | |
១១. | ខ្ញុំកោតខ្លាចខ្លាំងណាស់ | សន្យាច្បាស់ឥតបន្លំ | |
ព្រះបន្ទូលរងំ | ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ | ។ | |
១២. | ខ្ញុំទុកចិត្តលើព្រះ | ជាអម្ចាស់រៀងរាល់ថ្ងៃ | |
មនុស្សដែលតែងតែក្ស័យ | អាចធ្វើអ្វីរូបខ្ញុំបាន | ។ | |
១៤. | ដ្បិតទ្រង់បានរំដោះ | ខ្ញុំឱ្យរស់រានមានជន្ម | |
ការពារគ្រាអាសន្ន | មិនឱ្យមានអ្វីរំខាន | ។ | |
ឱ្យខ្ញុំបានដើរឆ្ពោះ | រកភក្រ្តព្រះដោយសុខសាន្ត | ||
ក្រោមពន្លឺថ្កើងថ្កាន | បំភ្លឺស្ថានមនុស្សលោក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៧-១២
ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយក្រុមសាវ័ក។ មានបណ្តាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកាលីឡេ ស្រុកយូដា ក្រុងយេរូសាឡឹម ស្រុកអ៊ីឌូមេ តំបន់ត្រើយខាងនាយទន្លេយ័រដាន់ និងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្តាជនមកតាមព្រះយេស៊ូជាច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ក្រុមសាវ័កឱ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្តាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺជាច្រើន ខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឱ្យបានជា។ ម៉្យាងទៀត ពេលខ្មោចឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទាព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឱ្យនិយាយប្រាប់គេអំពីឋានៈរបស់ព្រះអង្គឡើយ។