អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៩ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌បៃតង
ធម្មតា

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៧,៣២-៣៣.៣៧.៤០-៥១

ជនជាតិភីលីស្ទីនឈ្មោះ កូលីយ៉ាត ចេះតែមកមើលងាយកងទ័ពអ៊ីស្រាអែល។ យុវជនដាវីឌទូលព្រះបាទសាអ៊ូលថា៖«មិនត្រូវឱ្យនរណាម្នាក់បាក់ទឹកចិត្តដោយសារតែជន​ភីលីស្ទីននោះឡើយ! ទូលបង្គំនឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្តេចសាអ៊ូលមានរាជឱង្ការទៅកាន់ដាវីឌថា៖«ឯងមិនអាចវាយឈ្នះជនភីលីស្ទីននេះបានទេ ​ឯងនៅក្មេងណាស់! ហើយវានេះគឺជាអ្នកចម្បាំងតាំងពីក្មេងម្លេះ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឱ្យរួចពីក្រញ៉ាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយ​ទូលបង្គំ​ឱ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសាអ៊ូលមានរាជឱង្ការទៅកាន់ដាវីឌថា៖«ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។

ដាវីឌយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះ មកដាក់ក្នុងថង់យាមព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីន​នោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ពេលជន​ភីលីស្ទីនក្រឡេកមើលមកដាវីដ វាក៏មើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់​ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ​បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់​បណ្តាសាដាវីឌ។ វានិយាយមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់​ឯងឱ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់​លំពែងនិង​ស្នមកវាយអញ រីឯអញវិញ អញមកវាយឯងក្នុងនាមព្រះអម្ចាស់នៃពិភព​ទាំងមូល ជាព្រះនៃកងទ័ពអ៊ីស្រាអែល ដែលឯងបានជេរប្រមាថនោះ។ ថ្ងៃនេះ​​​ព្រះជាម្ចាស់នឹងប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់ក​ឯងទៀតផង។ នៅថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឱ្យត្មាត និងសត្វ​សាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា ព្រះជាម្ចាស់​ជួយការពារអ៊ីស្រាអែល។ សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះ​អម្ចាស់ប្រទានឱ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ គឺមកពីព្រះ​អម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯង មកក្នុងកណ្តាប់ដៃយើង»។

ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវិឌ ដាវីឌក៏រត់យ៉ាងលឿងនសំដៅទៅរកជនភីលីស្ទីននោះដែរ។ ដាវីឌលូកដៃក្នុងថង់យាមយ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុង​ថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។​ ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយ​សារខ្សែរដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌបានប្រហារជនភីលីស្ទីននោះ ដោយឥតប្រើ​ដាវសោះឡើយ។ ដាវីឌរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមកាត់កសម្លាប់វាទៅ។ ពេលកងទ័ពលីលីស្ទីនឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ក៏នាំគ្នា​រត់បាត់អស់។

ទំនុកតម្កើងលេខ ១៤៤ (១៤៣),១-២.៩-១០ បទព្រហ្មគីតិ

១.សូមលើកតម្កើងព្រះជាអម្ចាស់ដ៏ត្តម
ជាថ្មដានៃខ្ញុំធំរឹងមាំមួនបំផុត
ព្រះអង្គបានបង្ហាត់ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធ្វើសឹកឥតភ័យស្លុតចេញតយុទ្ធខ្មាំងជិតជុំ
២.ទ្រង់សម្តែងហប្ញទ័យករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំការពារខ្ញុំយ៉ាងអង់អាច
ព្រះអង្គជាជម្រកខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគល់អំណាចឱ្យខ្ញុំអាចមានថ្វីដៃ
៩.បពិត្រព្រះម្ចាស់អើយខ្ញុំច្រៀងថ្វាយនូវបទថ្មី
និងប្រគុំតន្រ្តីពិរោះក្រៃថ្វាយព្រះម្ចាស់
១០.អង្គបានប្រទានឱ្យស្តេចមានជ័យជំនះ
ព្រះអង្គបានសង្រ្គោះដាវីឌរស់មានសេរី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អលេលូយ៉ា! អាលេលូយ៉ា!

ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១-៦

ព្រះយេស៊ូយាងចូលទៅក្នុងធម្មសាលា។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនោះឱ្យជានៅថ្ងៃសប្ប័ទ​ ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្តាលឯណេះ!»។ បន្ទាប់មក ព្រះអង្គមាន​ព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើ​អាក្រក់? តើត្រូវសង្រ្គោះមនុស្ស ឬត្រូវប្រហារជីវិតចោល?»។ គេនៅស្ងៀមទាំង​អស់គ្នា​ ព្រះយេស៊ូបែរព្រះភក្រ្តទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយ​ព្រះអង្គព្រួយព្រះហប្ញទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលោតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់​ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ហើយទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។

145 Views

Theme: Overlay by Kaira