អត្ថបទព្រះគម្ពីរ
ថ្ងៃទី១៧ ខែ
មករា
ពណ៌ស
បុណ្យរម្លឹក

សន្ដអន់ទាន់ ជាចៅអធិការ

លោកអន់ទាន់ ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ ២០ឆ្នាំ លោក​ចូល​ក្នុង​ព្រះវិហារ​មួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា ” បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗ​ទាំងអស់​ដែល​អ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេល​នោះ​ លោក​សម្រេចចិត្តលះបង់អ្វីៗទាំងអស់ ទៅរស់ជាឥសី នៅក្នុងវាលរហោរស្ថាន។ ពេលនោះមារ​ល្បួង​លោក​ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត ១០០ឆ្នាំ។ លោក​ទទួល​មរណ​    ភាពនៅឆ្នាំ ៣៥៦។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៦,១០-១៣.១៨

បងប្អូនជាទីស្រឡាញ់!
មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។ ចូរ​បង‌ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូបិយ​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ហេតុ​នេះ ចូរ​បង‌ប្អូន​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជាជន​ដ៏‌វិសុទ្ធ​​ទាំង​អស់។

ទំនុកតម្កើងលេខ ១៦ (១៥) ,១-២.៥.៧-៨.១១ បទព្រហ្មគីតិ

១.ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
២.ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
៥.បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
៧.ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
៨.ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
១១.ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ឈ្វេងយល់ចិត្តគំនិតមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦–២១

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឱ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិ‌បត្តិ​តាម​វិន័យទៅ»។ គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «វិន័យ​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​​កុហក​ធ្វើ​ឱ្យគេ​មាន​ទោស ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឱ្យបាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម​វិន័យ​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឱ្យជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។

479 Views

Theme: Overlay by Kaira