អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២
អាទិត្យទី០១ រដូវធម្មតា
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៩,១-៤.១៧-១៩, ១០.១
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរស់ម្នាក់ឈ្មោះគីស លោកជាអភិជនមួយរូប មានកូនប្រុសម្នាក់ឈ្មោះសាអ៊ូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មានអ្នកណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់ ។
ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីសជាឪពុករបស់លោកសាអ៊ូលវង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសាអ៊ូលជាកូនថា៖«ចូរនាំអ្នកបម្រើម្នាក់មក ហើយប្រញាប់ទៅតាមរកលាញីទាំងនោះ»។ លោកសាអ៊ូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ទៅស្រុកបេនយ៉ាមីនក៏នៅតែរកពុំឃើញដដែល ។ អ្នកទាំងពីរសម្រេចចិត្តទៅសួរលោកសាមូអែល ។
ពេលលោកសាមូអែលឃើញលោកសាអ៊ូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«គឺបុរសនេះហើយ ដែលយើងបានប្រាប់អ្នក គេនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង»។ លោកសាអ៊ូលចូលទៅជិតលោកសាមូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ លោកសាមូអែលមានប្រសាសន៍តបទៅលោកសាអ៊ូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំឡើងទៅទីសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ» ។
ស្អែកឡើង លោកសាមូអែលយកដបប្រេងមក លោកចាក់ប្រេងលើក្បាលលោកសាអ៊ូល រួចហើយលោកអោបលោកសាអ៊ូល ទាំងមានប្រសាសន៍ថា៖«ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកឱ្យដឹកនាំប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ ។
ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ
២. | បពិតអម្ចាស់ | រាជាអរណាស់ | ព្រោះតែប្ញទ្ធា | នុភាពព្រះអង្គ |
ដែលជួយការពារ | ឱ្យព្រះករុណា | មានជោគមានជ័យ | ។ | |
៣. | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ | ទ្រង់មិនបដិសេធ |
ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | របស់រាជា | ។ | |
៤. | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា | ទ្រង់ពាក់មកុដមាស |
ពីលើសិរសា | នៃព្រះករុណា | រុងរឿងប្រណីត | ។ | |
៥. | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត | ឱ្យព្រះករុណា |
ព្រះជន្មវែងពិត | ដោយគ្មានកំរិត | អង្វែងឥតស្រាន្ត | ។ | |
៦. | ដោយព្រះអម្ចាស់ | មានជ័យជំនះ | រាជាក៏បាន | ទទួលសិរី |
រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | ថ្លៃថ្លាឧត្តម | ។ | |
៧. | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម | ទ្រង់គងជាមួយ |
រាជារឹងមាំ | ហើយមានទាំងព្រម | អំណរបរិបូណ៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៣-១៧
ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័កថា៖«ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖«មនុស្សមានសុខភាពល្អ មិនត្រូវការគ្រូវពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុរចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។