អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ ២០២២
អាទិត្យទី០១ រដូវធម្មតា
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១,៩-២០
មានមួយថ្ងៃ ក្រោយថ្វាយសក្ការបូជារួចហើយ នាងហាណ្ណាក្រោកឡើង ចូលទៅព្រះវិហារនៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យហេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃ ព្រះអម្ចាស់។ នាងតូចចិត្តជាខ្លាំង ហើយអង្វរព្រះអម្ចាស់ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គដោយសច្ចាថា៖ «ឱ!ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូម ទតមកខ្ញុំម្ចាស់ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ កុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឱ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឱ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយខ្ញុំម្ចាស់នឹងមិនកោរ ឬកាត់សក់ឱ្យវាឡើយ» ។
នាងហាណ្ណាអធិដ្ឋានយ៉ាងយូរនៅចំពោះព្រះអម្ចាស់។ ពេលនោះលោកហេលីក៏សង្កេតមើលមាត់របស់នាង។ នាងអធិដ្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗឥតមានឮសូរសំឡេងទេ។ ដូច្នេះលោកហេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏ពោលទៅនាងថា៖«តើនាងនៅស្រវឹងដល់អង្កាល់ទៀត? ល្មមស្វាងហើយ!»។ នាងហាណ្ណាឆ្លើយតបថា ៖«ទេ! លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ ខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថា ជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកហេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅឱ្យបានសុខសាន្ត សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានឱ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណ្ណាឆ្លើយថា៖«សូមឱ្យនាងខ្ញុំបានទទួលសេចក្តីមេត្តាករុណាពីលោកម្ចាស់ផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ ។
លោកអែលកាណា និងគ្រួសារគាត់បានក្រោកពីព្រលឹមថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណ្ណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។ នៅឆ្នាំនោះ នាងហាណ្ណាមានផ្ទៃ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្នោះថា «សាមូអែល» ឈ្មោះនេះមាន ន័យថា “ព្រះជាម្ចាស់ប្រោសប្រទានតាមពាក្យសុំ” ដ្បិតនាងពោលថា៖ «ខ្ញុំបានទូលសុំកូននេះពីព្រះអម្ចាស់»។
ទំនុកតម្កើងរបស់នាងហាណ្ណា ១ សម ២,១.៤-៨ បទកាកគតិ
១. | ព្រះជាម្ចាស់ប្រទាន | ចិត្តខ្ញុំអោយមាន | អំណរសប្បាយ | ព្រោះព្រះអង្គលើក |
ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | តទល់ពួកខ្មាំង | ។ | |
៤. | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ | បំផ្លាញទាំងធ្នូ |
តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | កម្លាំងទន់ខ្សោយ | ។ | |
៥. | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ | ធ្លាក់ខ្លួនទេទនា |
ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | ចំអែតក្រពះ | ។ | |
ឯអ្នកធ្លាប់ឃ្លាន | បែរទោជាមាន | អាហារមិនខ្វះ | គេបរិភោគឆ្អែត | |
បរិបូណ៍ពេញពាស | មានច្រើនដេរដាស | លែងមុខស្រពោន | ។ | |
មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | មិនឱ្យដាច់ពូជ | |
វិនាសសាបសូន្យ | អាចសំរាលកូន | បានប្រាំពីរដង | ។ | |
៦. | ជីវិតមនុស្ស | ត្រូវស្លាប់រស់ | ស្រេចលើព្រះអង្គ | គេត្រូវធ្លាក់ទៅ |
ស្ថានមនុស្សស្លាប់ផង | ឬក៏បានឡើង | លើទ្រង់ចាត់ចែង | ។ | |
៧. | មនុស្សយើងមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង | ព្រះម្ចាស់បន្ទាប |
ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | តាមព្រះហប្ញទ័យ | ។ | |
៨. | ទ្រង់លើមនុស្ស | ទុគ៌តស្រីប្រុស | ពីធូលីដី | ដកអ្នកកំសត់ |
វេទនាក្រក្រី | នោះគឺដើម្បី | ឱ្យស្មើអ្នកធំ | ។ | |
ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | ដ្បិតព្រះអម្ចាស់ | |
តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | មិនរលំឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថល ២,១៣
អលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២១-២៨
ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមានបុរស ម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។