អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០៤ ខែមករា

រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,៧-១០

ម្នាលកូនចៅជាទីស្រឡាញ់ ! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះ
ជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់បានសម្តែងព្រះ​​ហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាបផង។

ទំនុកតម្កើងលេខ ៧២ (៧១),១-៤.៧-៨ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះវិនិច្ឆ័យក្តី
តាមព្រះតម្រិះសុចរិតវិសេសរបស់ព្រះអង្គ
២.សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្រ្តទ្រង់ដោយយុត្តិធម៌
សុចរិតផូរផង់វិសេសឥតហ្មងត្រឹមត្រូវតាមច្បាប់
៣.សូមឱ្យអស់ភ្នំទាំងតូចទាំងធំផ្តល់ផលគួរគាប់សម្បូរសប្បាយ
ឱ្យបានសព្វគ្រប់នាំមកស្រោចស្រពក្តីសុចរិតផង
៤.សូមរាជារកយុត្តិធម៌មកកុំបីមានហ្មងដល់ជនក្រីក្រ
កម្សត់ទាំងពួងហើយកម្ទេចផងអ្នកដែលជិះជាន់
៧.សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់នៅក្នុងរជ្ជកាល
រាជាអង្គនោះកុំបីមានទាស់សុខសាន្តតទៅ
៨.សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅពីសមុទ្រមួយ
មិនបង្អង់នៅរហូតដល់ទៅស្រុកដាច់ស្រយាល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ១៤៧,១២.១៦

អលេលូយ៉ា! អាលេលូយ៉ា!
ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ព្រះអង្គចាត់ព្រះបន្ទូលរបស់ព្រះអង្គ
មករស់នៅលើផែនដី។ ព្រះអង្គប្រទានអាហារនៃស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៣៤-៤៤

ព្រះយេស៊ូទតឃើញមហាជនច្រើននៅមាត់ច្រាំង ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេជាពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។ ពេលនោះថ្ងៃកាន់តែទាបណាស់ហើយ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖«ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង។ សូមប្រាប់អ្នកទាំងនេះឱ្យត្រឡប់ទៅវិញទៅ! ឱ្យគេទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖«តើយើងត្រូវយកប្រាក់ពីររយដួងទៅទិញអាហារឱ្យគេបរិភោគឬ?»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ព្រះយេស៊ូបង្គាប់ក្រុមសាវ័កឱ្យប្រាប់បណ្តាជនអង្គុយជាក្រុមៗនៅលើស្មៅខ្ចី។ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះ​យេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ទ្រង់ ងើបព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានឱ្យក្រុមសាវ័ក ដើម្បីឱ្យគេ​ចែកបណ្តាជនបរិភោគ។ ព្រះ​អង្គក៏ចែកត្រីពីរកន្ទុយនោះឱ្យគេទាំងអស់គ្នាដែរ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា។ ក្រុមសាវ័កប្រមូលនំបុ័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ងមានប្រុសចំនួនប្រាំពាន់នាក់។

307 Views

Theme: Overlay by Kaira