អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៧ ខែធ្នូ សន្ដយ៉ូហាន
ពណ៌ស
បុណ្យគោរព
សន្ដយ៉ូហាន ជាគ្រីស្ដទូត
និងជាអ្នកនិពន្ធគម្ពីរ
លោកយ៉ូហានជាកូនលោកសេបេដេ និងជាកូនសិស្សលោកយ៉ូហាបាទីស្ត។ ព្រះយេស៊ូត្រាស់ហៅលោកជាមួយលោកយ៉ាកុបជាបងប្អូន និងជាមួយលោកសិលា ឱ្យដើរតាមព្រះអង្គមុនគេ។ ព្រះអង្គក៏ជ្រើសរើសលោក និងសាវ័កទាំងពីរនាក់នោះឱ្យធ្វើជាសាក្សីពិសេស នៅពេលព្រះអង្គសម្តែងសិរីរុងរឿង និងនៅពេលព្រះអង្គអធិដ្ឋានទាំងព្រួយបារម្ភនៅសួនឧទ្យាន កេតសេម៉ានី។ លោកយ៉ូហាន “សាវ័កដែលព្រះយេស៊ូស្រឡាញ់”។ នៅពេលព្រះយេស៊ូជាប់នៅលើឈើឆ្កាង ព្រះអង្គបានផ្ញើព្រះមាតាឱ្យលោកថែរក្សា។ នៅពេលលោករត់ទៅផ្នូរជាមួយលោកសិលា លោក “ឃើញហើយជឿ”។ លោកនិពន្ធគម្ពីរដំណឹងល្អ លិខិតបីច្បាប់ និងវិវរណៈ។ ក្នុងកណ្ឌគម្ពីរទាំងនេះលោកយ៉ូហានចង់សម្តែងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះយេស៊ូ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដែលប្រទានជីវិតដ៏ពេញលេញឱ្យមនុស្សលោក។ លោកក៏រំឭកអំពីវិន័យថ្មីរបស់ព្រះអង្គដែរ។ មានតែសេចក្តីស្រឡាញ់របស់អស់អ្នកជឿទេ ដែលជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ១,១-៤
ព្រះបន្ទូលដែលផ្តល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់។ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះ បានលេចមកឱ្យយើងឃើញ ហើយយើងសូមផ្តល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូនអំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរកព្រះបិតា និងលេចមកឱ្យយើងឃើញ។ យើងសូមជូនដំណឹងអំពីព្រះបន្ទូល ដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឱ្យបងប្អូនបានចូលរួមរស់ជាមួយយើង។ រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រីស្តដែលជាព្រះបុត្រារបស់ព្រះអង្គ។ យើងសរសេរសេចក្តីទាំងនេះមកជូនបងប្អូន ដើម្បីឱ្យយើងមានអំណរពេញលក្ខណៈ។
ទំនុកតម្កើងលេខ ៩៧ (៩៦) ,១-២.៥-៦.១១-១២ បទពាក្យ ៧
១. | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ |
ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ ។ | |
២. | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ ។ | |
៥. | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ |
ដូចជាក្រមួនត្រូវរលាយ | ដោយកំដៅថ្ងៃនៅមិនបាន ។ | |
៦. | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន |
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ ។ | |
១១. | មានទាំងពន្លឺបំភ្លឺមនុស្ស | មានចិត្តសប្បុរសសុចរិតថ្លា |
ជនដែលទៀងត្រង់គ្រប់អាត្មា | អរឥតឧបមាសប្បាយក្រៃ ។ | |
១២. | ឱពួកអ្នកសុចរិតទាំងឡាយ | ចូរអ្នករីករាយកុំគិតអ្វី |
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២១,២៤
អលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាសាវ័កដ៏ជាទីស្រឡាញ់បានផ្តល់សក្ខីភាពអំពីព្រះបន្ទូលដែលផ្តល់ជីវិត យើងដឹងថា សក្ខីភាពនេះពិតប្រាកដមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,២-៨
ព្រឹកថ្ងៃបុណ្យចម្លង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា រត់មកជម្រាបលោកស៊ីម៉ូសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា៖«គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ យើងមិនដឹងជាគេយកទៅដាក់នៅឯណាឡើយ!»។ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលឃើញសំពត់ស្នប តែគាត់មិនបានចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនសិលាដែលរត់តាមក្រោយក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើល៍សំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ។ គាត់បានឃើញ ហើយជឿ។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,២០-២៤
លោកសិលាងាកមើលក្រោយ ឃើញសាវ័កដែលព្រះយេស៊ូស្រឡាញ់ដើរតាមមកដែរ។ សាវ័កនោះហើយដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?»។ កាលលោកសិលាឃើញគាត់ លោកទូលព្រះយេស៊ូថា៖«ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖«ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ រីឯអ្នកសុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា៖«ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?» សាវ័កនោះហើយដែលបានផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថា សក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។