បញ្ជីកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីបែងចែកចំនួន៥ផ្នែកសំខាន់ៗ៖
- កណ្ឌគម្ពីរដំណឹងល្អមាន៤៖ ថ្លែងអំពីព្រះបរមកិច្ចរបស់ព្រះយេស៊ូ និងអំពីសេចក្តីដែលព្រះអង្គបានបង្រៀន ជាពិសេសថ្លែងអំពីព្រះអង្គ ដែលសោយទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីលោះមនុស្សលោក។
- កណ្ឌគម្ពីរប្រវត្តិសាស្រ្តមាន១៖ គឺគម្ពីរកិច្ចការគ្រីស្តទូត រៀបរាប់អំពីប្រវត្តិព្រះសហគមន៍ ចាប់ផ្តើមតាំងពីនៅគ្រាដំបូងក្នុងក្រុងយេរ៉ូសាឡឹម និងរៀបរាប់អំពីបេសកកម្មរបស់ក្រុមគ្រីស្តទូត ជាពិសេសគ្រីស្តទូតប៉ូល ដែលបានធ្វើដំណើរប្រកាសដំណឹងល្អនៅពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេរហូតដល់ទីក្រុងរ៉ូម។
- លិខិតសន្តប៉ូលមាន១៣៖ លិខិតទាំង១៣នេះគឺគ្រីស្តទូតប៉ូល និងសហការីបានសរសេរផ្ញើជូនព្រះសហគមន៍ដើមដំបូងនៅតាមទីក្រុងនានាដើម្បីពង្រឹងលទ្ធិនៃជំនឿគ្រីស្តសាសនា និងដើម្បីចាត់ចែងការណែនាំព្រះសហគមន៍ជាដើម។
- សំណេរសាកលមាន៥៖ គឺជាសំណេររបស់ក្រុមគ្រីស្តទូត ដែលប្រៀនប្រដៅ និងដាស់តឿនគ្រីស្តបរិស័ទ ឱ្យចេះរស់នៅដោយប្រតិបត្តិតាមជំនឿឱ្យបានខ្ជាប់ខ្ជួន។
- សំណេរសន្តយ៉ូហានមាន៤៖ គឺលិខិតមានចំនួន៣ ដែលប្រៀនប្រដៅ និងទូន្មានគ្រីស្តបរិស័ទ ឱ្យចេះរស់នៅដោយប្រតិបត្តិតាមជំនឿឱ្យបានខ្ជាប់ខ្ជួនផងដែរ។ កណ្ឌគម្ពីរចុងក្រោយគឺ គម្ពីរវិវរណៈ ដែលថ្លែងអំពីព្រះគ្រីស្តសម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់។ កណ្ឌគម្ពីរនេះបង្ហាញនូវទស្សនវិស័យនៃអតីតកាល និងអនាគតកាលរបស់ព្រះសហគមន៍។
332 Views
