សារធិប្បាយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ
យើងទាំងអស់គ្នាជាបងប្អូន
Fratelli Tutti
ស្តីអំពីភាតរភាព និងមិត្តភាពសង្គម
ប្រែសម្រួលដោយលោក កាន់ ប៊ុយ
***
ការឡាយព្រះហត្តលេខាលើសារលិខិតទី៣ នៅក្រុងអាស៊ីស៊ី ប្រទេសអ៊ីតាលី សម្តេចប៉ាបចង់ទទួលស្គាល់ការបំភ្លឺរបស់ទ្រង់មកពីសន្តហ្រ្វង់ស៊ីស្កូ។ នៅលើមាគ៌ារបស់សន្តហ្រ្វង់ស៊ីស្កូ សម្តេចប៉ាបអញ្ជើញយើងឱ្យមានក្តីសុបិនរួមគ្នា ហើយប្រយុទ្ធប្រឆាំងទល់នឹងស្រមោលនៃសង្គ្រាម ការរងទុក្ខលំបាក និងអំពើផ្តាច់ការនិយម។
១. ស្រមោលនៃពិភពលោកមួយដែលបិទជិត
យើងរឹតតែបែកបាក់ យើងកាន់តែឯកោ។ មនុស្សណាលែងមាន “ប្រយោជន៍” និងបម្រើការលែងបានគេក៏បោះបង់ចោល។ មនុស្សជាច្រើនបាត់បង់សិទ្ធិរបស់ខ្លួន និងរងទុក្ខលំបាកដោយសារតែទាសភាពមានទម្រង់បែបថ្មី។ តើគុណតម្លៃរបស់មនុស្សនៅឯណា?
២. មនុស្សមិនស្គាល់គ្នានៅតាមផ្លូវ
អ្នកស្រុកសាម៉ារីមានចិត្តសប្បុរសបង្ហាញយើងឱ្យមានផ្លូវនៃសេចក្តីសង្ឃឹម។ មនុស្សជាច្រើនមិនស្គាល់ជនត្រូវរបួសដេកដួលនៅតាមផ្លូវ។ មានតែមនុស្សម្នាក់ដែលឈប់ ហើយផ្តល់នូវភាពជិតស្និតដល់ជនរងគ្រោះនោះ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ រួមជាមួយមនុស្សរងរបួសយ៉ាងច្រើនគណនាៈ តើយើងសុខចិត្តរួមដំណើរដោយមិនបែងចេកពីពួកគាត់ដែរឬទេ? តើយើងប្រព្រឹត្តដូចជាអ្នកស្រុកសាម៉ារីមានចិត្តសប្បុរសនោះដែរឬទេ? យើងត្រូវជ្រើសរើស។
៣. ពិចារណា និងធ្វើកិច្ចការឱ្យពិភពលោកមួយនេះបើកចំហរ
ចូរចេញទៅតំបន់ក្បែរខាងដែលមាន “ជនភៀសសឹក” រស់នៅ។ ចូរគិតអំពីគុណតម្លៃរបស់មនុស្សម្នាក់ៗ។ ចូរថែរក្សាគ្នាទៅវិញទៅមក។ ចូរផ្តល់នូវអំណោយទានរបស់ខ្លួនយ៉ាងស្មោះអស់ពីចិត្តដល់អ្នកដទៃ។ យើងអាចធ្វើរឿងជាច្រើនដើម្បីជៀសវាងការអាក្រក់ដ៏គ្រោះថ្នាក់គឺ ការមិនចេះស្រឡាញ់គ្នា។
៤. ការបើកដួងចិត្តទៅកាន់ពិភពលោក
មនុស្សគ្មានព្រំដែនទេ។ ប្រឈមទៅនឹងដែនកំណត់នៃព្រំដែនទាំងនេះ យើងអាចទទួលស្វាគមន៍ ការពារ បង្ហាញឱ្យស្គាល់ និងរួមបញ្ចូលមនុស្សប្លែកពីយើង ដែលមករកយើង។ ចូរយើងបើកពីលក្ខណៈមូលដ្ឋានឱ្យទៅជាលក្ខណៈសាកល ដើម្បីបង្កើនបទពិសោធន៍ពីវប្បធម៌ដទៃ។
៥. នយោបាយដែលល្អប្រពៃ
តើភាតរភាពសកល និងសន្តិភាពសង្គមអាចកើតឡើងដោយគ្មាននយោបាយដ៏ល្អប្រពៃបានដែរឬទេ? សូមមនុស្សម្នាក់ៗមានចិត្តចង់ធ្វើនយោបាយ និងយកចិត្តទុកដាក់ស្វែងរកយុត្តិធម៌សម្រាប់មនុស្សទាំងអស់។ នយោបាយដែលធ្វើការផ្តោតលើគុណតម្លៃរបស់មនុស្ស និងផ្តោតលើមេត្តាករុណាសង្គមជាបង្គោល។ នយោបាយដែលធ្វើការតតាំងនឹងបញ្ហាទាំងឡាយរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយកែប្រែរចនាសម្ពន្ធ និងអង្គភាពសង្គម។ នយោបាយដែលបើកសិទ្ធិឱ្យមនុស្សគ្រប់គ្នា ហើយលើកកំពស់សិទ្ធិជាមូលដ្ឋានរបស់មនុស្សឱ្យបានទូលំទូលាយ។
៦. ការសន្ទនា និងមិត្តភាពសង្គម
ការសន្ទនាត្រូវតែផ្តើមពីនយោបាយ។ ការសន្ទនាគម្បីគោរពយោបល់អ្នកដទៃ។ តែក៏ស្វែងរកមិត្តភាពសង្គមដោយជួបជាមួយមនុស្ស ដែលគេមិនចាប់អារម្មណ៍ជាងគេបំផុត។ ធ្វើតាមមធ្យោបាយនេះ យើងអាចប្រព្រឹត្តបានយ៉ាងល្អប្រសើរ គឺយើងអាចព្យាបាលរបួសដែលបង្កើតឡើងដោយសង្រ្គាម និងអាចបង្កើតសន្តិភាពឡើងវិញម្តងទៀតបាន។
៧. មធ្យោបាយដើម្បីជួបគ្នាជាថ្មី
ការសម្រុះសម្រួលពិតប្រាកដកើតឡើងជាក់ស្តែងតាមរយៈការបង្កើតសកម្មភាព។ នៅក្នុងសង្គ្រាម ដំណោះស្រាយ គឺតាមរយៈការសន្ទនា។ មានតែការធ្វើតាមរបៀបនេះប៉ុណ្ណោះ ទើបយើងអាចឈានទៅដល់ការលើកលែងទោស ហើយយើងអាចសម្រុះសម្រួលគ្នាបាន។
៨. សាសនាបម្រើឱ្យភាតរភាពនៅក្នុងពិភពលោក
ការសន្ទនាក្នុងចំណោមសាសនានាំឱ្យព្រះជាម្ចាស់សម្តែងវត្តមានក្នុងសង្គមរបស់យើង។ អំពើហិង្សាមិនមែនជាមូលដ្ឋាននៅក្នុងឆន្ទៈគ្រឹះរបស់សាសនានោះទេ តែវាមកពីគ្មានការអប់រំរបស់មនុស្ស។ រវាងសាសនា និងសាសនាអាចបង្កើតទំនាក់ទំនងមិត្តភាព សន្តិភាព សុខដុមរមនា និងចែករំលែកគុណតម្លៃ ដែលជាមាគ៌ានៃសេចក្តីសុខសាន្ត។ ចំនុចចាប់ផ្តើម គឺត្រូវសម្លឹងមើលព្រះជាម្ចាស់។ ដ្បិតព្រះជាម្ចាស់មិនទតមើលតាមរយៈព្រះនេត្រានោះទេ ព្រះអង្គទតមើលដោយព្រះហឫទ័យ។
អធិដ្ឋាន
បពិត្រព្រះអម្ចាស់ និងជាព្រះបិតារបស់មនុស្សលោក
សូមព្រះអង្គចាក់បង្ហូរវិញ្ញាណនៃភាតរភាពក្នុងដួងចិត្តយើងខ្ញុំ។
សូមព្រះអង្គបំភ្លឺយើងខ្ញុំនូវក្តីសុបិនអំពីការជួបជុំ
ការសន្ទនា អំពីយុត្តិធម៌ និងអំពីសេចក្តីសុខសាន្ត។