ព្រះគម្ពីរ
ភាសាខ្មែរសម្រាយ
បកប្រែពីឯកសារដើម
ជាភាសាហេប្រឺ និងក្រិក
អន្តរនិកាយ
- ព្រះគម្ពីរភាសាខ្មែរសម្រាយ © រក្សាសិទ្ធិដោយ សមាគមគម្ពីរសកល ១៩៩៧ ។
Today’s Khmer Version © United Bible Societies 1997. - ព្រះគម្ពីរទុតិយកណ្ឌ/បញ្ជីទីពី © រក្សាសិទ្ធិដោយ ព្រះសហគមន៍កាតូលិកកម្ពុជា ១៩៩៧ ។
Deuterocanonical Books © Église Catholique du Cambodge 1997. - ព្រះគម្ពីរភាសាអង់គ្លេស © រក្សាសិទ្ធិដោយ សភាលោកអភិបាលសហរដ្ឋអាមេរិក ២០១៩-២០២២។
English Bible © 2019-2022 USCCB (United States Conference of Catholic Bishops) - All Rights Reserved.
ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ (DV លេខ២៤)។ ពាក្យ «គម្ពីរ» តាមភាសាឡាតាំងគឺ «ប៊ីប្លីយ៉ា» (BIBLIA) មានន័យថា សៀវភៅតែមួយ។ ពាក្យនេះមានឫសគល់មកពីភាសាក្រិកគឺពាក្យ ប៊ីប្លីយ៉ា (βιβλία) ដូចគ្នា តែក្នុងភាសាក្រិកមានន័យថា សៀវភៅទាំងឡាយប្រៀបបាននឹងបណ្ណាល័យតូចមួយដែលមានសៀវភៅផ្សេងៗគ្នាជាច្រើន។ គេបានប្រម៉ែប្រមូល និងចងក្រងសៀវភៅចំនួនទាំងអស់៧៣ក្បាល ដាក់នៅក្នុងសៀវភៅតែមួយហៅថា ព្រះគម្ពីរ។ សៀវភៅមួយក្បាលៗនៅក្នុងព្រះគម្ពីរហៅថា កណ្ឌគម្ពីរ។
បញ្ជីកណ្ឌគម្ពីរសាសនបញ្ញត្តិតាមព្រះសហគមន៍កាតូលិកមានចំនួនកណ្ឌគម្ពីរទាំងអស់៧៣កណ្ឌ ដោយរាប់បញ្ចូលទាំង «ទុតិយកណ្ឌ» ឬ «បញ្ជីទី២» ចំនួន៧កណ្ឌគឺ កណ្ឌគម្ពីរយ៉ូឌីត តូប៊ីត ម៉ាកាបាយទី១ និងទី២ ព្រះប្រាជ្ញាញាណ បេនស៊ីរ៉ាក់ និងបារូក។ ក្នុងចំណោមកណ្ឌគម្ពីរទាំង៧៣ បែងចែកជា២ភាគគឺ ទី១ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១មានចំនួន៤៦កណ្ឌ និងទី២ ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមានចំនួន២៧កណ្ឌ។
១. បញ្ជីកណ្ឌគម្ពីរសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១ បែងចែកជា៤ផ្នែកសំខាន់ៗ៖
- គម្ពីរធម្មវិន័យ ឬគម្ពីរបញ្ចកណ្ឌមាន៥៖ ជនជាតិយូដាហៅគម្ពីរនេះថា គម្ពីរតូរ៉ា គឺជាសំណេរសំខាន់ជាងគេនៅក្នុងសាសនាយូដា។
- គម្ពីរប្រវត្តិសាស្រ្តមាន១៦៖ សំណេរទាំងនេះរៀបរាប់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល និងបុគ្គលសំខាន់ៗជាច្រើនដែលដឹកនាំជនជាតិអ៊ីស្រាអែល មានលោកយ៉ូស៊ូអា ក្រុមវិរបុរស ព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងព្រះមហាក្សត្របន្តបន្ទាប់មកទៀត។
- គម្ពីរអំពីប្រាជ្ញាញាណមាន៧៖ កណ្ឌគម្ពីរវែងជាងគេគឺ ទំនុកតម្កើង ដែលមានពាក្យអធិដ្ឋាន ចម្រៀង និងកំណាព្យអំពីផ្លូវវិញ្ញាណ។ ទោះបី៣ពាន់ឆ្នាំកន្លងមកហើយក្តី តែសេចក្តីទាំងនេះមិនសាបសូន្យឡើយ។ គេតែងច្រៀង ស្មូត្រ អធិដ្ឋាននៅក្នុងព្រះវិហារ និងនៅក្នុងធម្មសាលា។
- គម្ពីរព្យាការីមាន១៨៖ បែងចែកជាព្យាការីធំៗចំនួន៤ និងព្យាការីតូចៗចំនួន១៤។ ព្យាការីធំៗសំដៅលើសំណេរដែលវែងដូចជាព្យាការីអេសាយ ព្យាការីយេរេមី ព្យាការីអេស៊េគីអែល និងព្យាការីហូសេ ហើយព្យាការីតូចៗឯទៀតសំដៅលើសំណេរខ្លីៗដែលបានបន្សល់ទុក។ សំណេរព្យាការីទាំងអស់ជាសារនៃព្រះបន្ទូលព្រះជាម្ចាស់សម្រាប់ពិភពលោក។ ដ្បិតព្យាការីថ្លែងព្រះបន្ទូលព្រះអម្ចាស់ដើម្បីលើកទឹកចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សលោក ពោលគឺ សេចក្តីសង្ឃឹមចំពោះសម្ពន្ធមេត្រីថ្មី។
២. បញ្ជីកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីបែងចែកចំនួន៥ផ្នែកសំខាន់ៗ៖
- កណ្ឌគម្ពីរដំណឹងល្អមាន៤៖ ថ្លែងអំពីព្រះបរមកិច្ចរបស់ព្រះយេស៊ូ និងអំពីសេចក្តីដែលព្រះអង្គបានបង្រៀន ជាពិសេស ថ្លែងអំពីព្រះអង្គដែលសោយទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីលោះមនុស្សលោក។
- កណ្ឌគម្ពីរប្រវត្តិសាស្រ្តមាន១៖ គឺគម្ពីរកិច្ចការគ្រីស្តទូតរៀបរាប់អំពីប្រវត្តិព្រះសហគមន៍ ចាប់ផ្តើមតាំងពីនៅគ្រាដំបូងក្នុងក្រុងយេរ៉ូសាឡឹម និងរៀបរាប់អំពីបេសកកម្មរបស់ក្រុមគ្រីស្តទូត ជាពិសេស គ្រីស្តទូតប៉ូលដែលបានធ្វើដំណើរប្រកាសដំណឹងល្អនៅពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេរហូតដល់ទីក្រុងរ៉ូម។
- លិខិតសន្តប៉ូលមាន១៣៖ លិខិតទាំង១៣នេះគឺ គ្រីស្តទូតប៉ូល និងសហការីបានសរសេរផ្ញើជូនព្រះសហគមន៍ដើមដំបូងនៅតាមទីក្រុងនានា ដើម្បីពង្រឹងលទ្ធិនៃជំនឿគ្រីស្តសាសនា និងដើម្បីចាត់ចែងការណែនាំព្រះសហគមន៍ជាដើម។
- សំណេរសាកលមាន៥៖ គឺជាសំណេររបស់ក្រុមគ្រីស្តទូតដែលប្រៀនប្រដៅ និងដាស់តឿនគ្រីស្តបរិស័ទ ឱ្យចេះរស់នៅដោយប្រតិបត្តិតាមជំនឿឱ្យបានខ្ជាប់ខ្ជួន។
- សំណេរសន្តយ៉ូហានមាន៤៖ គឺលិខិតមានចំនួន៣ ដែលប្រៀនប្រដៅ និងទូន្មានគ្រីស្តបរិស័ទ ឱ្យចេះរស់នៅដោយប្រតិបត្តិតាមជំនឿឱ្យបានខ្ជាប់ខ្ជួនផងដែរ។ កណ្ឌគម្ពីរចុងក្រោយគឺ គម្ពីរវិវរណៈដែលថ្លែងអំពីព្រះគ្រីស្តសម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់។ កណ្ឌគម្ពីរនេះបង្ហាញនូវទស្សនវិស័យនៃអតីតកាល និងអនាគតកាលរបស់ព្រះសហគមន៍។